ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសចំណាស់ម្នាក់ ក្នុងប្រឡាយទឹកនៅខណ្ឌដង្កោ

ភ្នំពេញៈ បុរសចំណាស់ម្នាក់បានព្យាយាមលោតទឹកស្រះ ដើម្បីសម្លាប់ខ្លួនប៉ុន្តែមិនបានសម្រេច ដោយបានអ្នកភូមិជួយឃាត់ ហើយក៏បានបាត់គាត់រហូតរយៈពេល៤ទៅ៥ថ្ងៃ ក្រោយមកស្រាប់តែប្រទះឃើញសាកសពមានសភាពហើមស្អុយទៅហើយនោះ និងត្រូវបានក្មេងៗទៅរកចាប់ខ្យងក្ដាម ប្រទះឃើញនៅក្នុងទឹកប្រឡាយនាវាលស្រែមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាកសពបុរសខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ហើយតាមការប៉ាន់ស្មានមាន អាយុប្រហែល៥០ឆ្នាំ និងមានសភាពហើមស្អុយមើលលែងចង់ស្គាល់ទៅហើយ ដែលសង្ស័យថាបានស្លាប់ ក្នុងរយៈពេលប្រហែលជា៤ទៅ៥ថ្ងៃកន្លងមកហើយ និងក្នុងស្ថានភាពអាក្រាតកាយននលគកតែម្ដងដោយ មានតែត្រកួនបិទបាំងពីលើតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបាននិយាយថា កាលពី៤ទៅ៥ថ្ងៃមុនបុរសចំណាស់ខាងលើ មិនដឹងថាមានទីលំនៅនៅឯណា នោះទេ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឆាលី ទៅកាន់ស្រះទឹកមួយកន្លែងដែលមានជម្រៅជ្រៅដែរ ហើយ បានព្យាយាមប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចទេត្រូវបានពួកគាត់ឃាត់ទាន់ មិនតែប៉ុណ្ណោះ គាត់ស្ថិតក្នុងស្ថានភាពអាក្រាតកាយដូចជាពេលនេះ ដោយមិនបានដឹងថាគាត់ជាមនុស្សមានសតិមិនគ្រប់ ឬបែបណាឡើយ។ក្រោយមកក៏ស្រាប់តែបាត់មិនឃើញគាត់ ហើយក៏មិនមាននរណាម្នាក់បានចាប់អារម្មណ៏ ពីគាត់ទៀតដែរ រហូតដល់ពេលដែលប្រទះឃើញសាកសពគាត់ ស្លាប់នៅក្នុងទឹកប្រឡាយខាងលើ ទើបពួក គាត់នឹកឃើញពីការប៉ុនប៉ងសម្លាប់ខ្លួន និងបានទៅមើលនៅស្រះទឹក ដែលគាត់ព្យាយាមសម្លាប់ខ្លួនលើក មុននោះទើបឃើញម៉ូតូឆាលីរបស់គាត់នៅស្រះទឹកខាងលើ និងដឹងថាអ្នកស្លាប់គឺជាបុរសចំណាស់រូបនោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតមានការភ្ញាក់ផ្អើលនោះ មានក្មេងៗមួយ ក្រុមបានាំគ្នាទៅរកចាប់ខ្យងនិងក្ដាមនៅវាលស្រែនោះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បាន ធំក្លិនស្អុយចម្លែកខុសពីធម្មតា ខណៈនោះក្មេងៗខាងលើបានរកមើល ហើយស្រាប់តែបានប្រទះឃើញសាក សពបុរសនោះនៅក្នុងទឹកប្រឡាយ។បន្ទាប់មកក្មេងៗខាងលើបាននាំគ្នារត់ទៅប្រាប់អ្នកភូមិ នាំគ្នាទៅចោម រោមមើលគ្រប់ៗគ្នា និងបានត្រឹមស្គាល់ថាជាបុរសចំណាស់ម្នាក់ ដែលបានព្យាយាមលោតទឹកស្រះនៅក្បែរ ភូមិដើម្បីសម្លាប់ខ្លួន កាលពី៤ទៅ៥ថ្ងៃមុននោះ ដែលបុរសនោះគឺជាអ្នកមកពីចម្ងាយ មិនមែនជាអ្នកភូមិ នោះទេ ហើយក្រោយមកបានរាយការណ៍ជូនទៅនគរបាលប៉ុស្ដិ៍ព្រែក កំពឹសនិងខណ្ឌដង្កោឲ្យចុះទៅពិនិត្យ មើលតែម្ដង។

នគរបាលបានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកកំពឹស និងនគរបានខណ្ឌដង្កោ បានចុះទៅកាន់ទីនោះ ហើយបានឃើញសាកសពបុរសម្នាក់មែន ដែលមានសភាព ហើមស្អុយទៅហើយ ដែលមិនទាន់ដឹងថាការស្លាប់នោះជាករណីអ្វីពិតប្រាកដនៅឡើយទេ។ខណៈនោះ កម្លាំងបានរាយការបន្តទៅកាន់ការិយាល័យ នគរបាលបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យតាមជំនាញ និងកសាងសំណុំរឿងតាមច្បាប់ ព្រមទាំងកំណត់ថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនោះ៕

https://youtu.be/0Y2OgFLJIUk

មតិយោបល់