ព័ត៌មានជាតិ

លក់មុខម៉ែឪណាស់នាង! ឈ្លោះគ្នាតាមFacebook នាំមិត្តភក្តិមករករឿងគេរួចដេញតាមធាក់ម៉ូតូគេទៀត ផ្អើលអស់សមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ សម័យអិនធឺណេតនេះយុវតីឈាមរាវសាហាវៗណាស់ គ្រាន់តែទំនាស់ដឺដងគ្នា តាមហ្វេសប៊ុកសោះ នាំបក្ខពួកមករករឿងដល់មុខសាលាតែម្តង និងធ្វើសកម្មភាពធាក់ម៉ូតូឲ្យដួលរងរបួសស្រាល បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានស្មានតែគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅក្បែរវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី ផ្លូវបេតុង ភូមិគោកឃ្លា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

-ភាគីទី១ មាន៣នាក់ ទី១ឈ្មោះ ផល វួចហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ អ្នកបើកម៉ូតូ ,ទី២ឈ្មោះ ស៊ិន ស្រីនីត អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ឈ្មោះ ភួង វិច្ឆិកា អាយុ១៧ឆ្នាំ មុខរបរធ្វើការនៅKTV ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អ្នកទាំង៣ ជិះម៉ូតូ១គ្រឿងម៉ាកហ្សូម័រ ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GF-9963)។

-ភាគីទី២ មានម្នាក់ឯងឈ្មោះ លាង សុខលាភ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(ជិះម៉ូតូស្កូបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CZ-3353 រងរបួសរលាត់ជង្គង់ស្តាំ)។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា កន្លងមកភាគីទី១ធ្លាប់មានទំនាស់ ជាមួយភាគគីទី២ដោយឆាតជេរគ្នាតាមហ្វេសប៊ុក លុះដល់ថ្ងៃខាងលើក៏ដឹកបក្ខពួក២នាក់ មកដល់មុខសាលាតែម្តង ខណៈឃើញភាគីទី២ចេញពីសាលាហើយក៏ជិះម៉ូតូតាមពីក្រោយនិងបានធាក់ឲ្យដួលបណ្តាលឲ្យភាគីទី២រងរបួសរលាត់ក្បាលជង្គង់ខាងស្តាំ ក្រោយពីធាក់ហើយភាគីទី១បានជិះទៅមុខបាត់ទៅ។

សមត្ថកិច្ចដដែលបានប្រាប់បន្តថា ក្រោយហេតុការណ៍កើតឡើងភាគីទី២បានជិះម៉ូតូទៅផ្ទះប្រាប់ហេតុការណ៍ខាងលើទៅឪពុកម្តាយដឹងពេលនោះឪពុកម្តាយភាគីទី២បាននាំគ្នាមកចំណុចកើតហេតុវិញ ក៏បានជួបភាគីទី១ ទើបប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅអន្តរាគមន៍និងនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីសាកសួរមូលហេតុ។

ក្នុងករណីខាងលើនេះក្រោយនាំយកមកកាន់ប៉ុស្តិ៍ម្តាយឪពុកភាគីទី២មិនបានទាមទារសំណងអ្វីឡើយ គ្រាន់តែសុំឲ្យសមត្ថកិច្ចជួយធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ ថ្ងៃក្រោយកុំឲ្យភាគីទី១មករករឿងកូនគាត់ទៀតនិងបានហៅអាណាព្យាបាលមកធានានិងអនុញ្ញាត្តិឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់