បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីផ្ទុះអាវុធ នៅក្នុងក្រុងបាត់ដំបង ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរព ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺនៃយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិច ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីបាញ់បោះដោយអាវុធមួយបាន កើតឡើងដែលករណីនេះ បង្កដោយជនសង័្សយជិះរថយន្តមួយគ្រឿង បានប្រើប្រាស់អាវុធខ្លីបាញ់ជាច្រើនគ្រាប់សំដៅទៅលើក្រុមយុវជនមួយក្រុម ដែលកំពុងអង្គុយនៅចំណុចនោះ ហើយក្នុងនោះជនរងគ្រោះចំនួន០៣នាក់ ភេទប្រុស រងរបួស ដែលរបួសស្រាលចំនួន០២នាក់ និងរងរបួសធ្ងន់ចំនួន០១នាក់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្នុងនោះដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក បានបណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតម្នាក់ រីឯក្រុមជនសង្ស័យ បានជិះរថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង បានដឹកនាំកម្លាំងជំនាញ រួមជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ត្រួតពិនិត្យកន្លែងកើតហេតុ និងស្វែងរកប្រភពភស្តុតាង នានាពីជនរងគ្រោះ និងសាក្សីនៅជុំវិញកន្លែងកើតហេតុផង រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលបានស្វែងរក និងកំណត់មុខសញ្ញាដែលធ្វើសកម្មភាពនេះបានហើយ ដែលខណៈនេះសមត្ថកិច្ចកំពុងតាមប្រម៉ាញ់យ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ។
តាមរយៈកិច្ចខិតខំស្រាវជ្រាវនេះ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថាករណីផ្ទុះអាវុធបង្កឱ្យមានគ្រោះ ថ្នាក់ដល់អាយុជីវិតនេះគឺអាចផ្តើមចេញពីរឿងគំនុំ រវាងក្រុមជនបង្កជាមួយក្រុមជនរងគ្រោះ ដែលខ្លឹម សារលំអិតទាក់ទងនឹងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែមនៅឡើយ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាន និងបងប្អូនអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងសូមសហការជាមួយសមត្ថកិច្ចនគរបាល ក្នុងករណីដែលមហាជនលោកមានតម្រុយទាក់ទងនឹងករណីខាងលើនេះ ដើម្បីសមត្ថកិច្ចមានវិធានការបន្ត ៕




មតិយោបល់