ភ្នំពេញៈ ប្រជាពលរដ្ឋដែលមកហាត់ប្រាណ និងមកលំហែរយកខ្យល់អាកាសនៅតាមសួនច្បារនានា ក្នុងរាជធានីភ្នំពេញ ជាច្រើននាក់ បានបង្ហាញពីការហួសចិត្តចំពោះប្រជាពលរដ្ឋមួយចំនួន ដែលគ្មានមនសិការ និងការយល់ដឹងអ្វីបន្តិចសោះ បើទោះបីជាមានការណែនាំពីអាជ្ញាធរ និងសមត្ថកិច្ចថែទាំសួនច្បារយ៉ាងណាក្តី ដោយសារតែបងប្អូនមួយចំនួនបានយកសត្វឆ្កែដែលខ្លួនចិញ្ចឹមមកឲ្យជុះ និងនោមលើសួនច្បារដ៏ស្រស់ស្អាតដែលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសាលារាជធានីភ្នំពេញ បង្កឲ្យមានខ្លិនស្អុយ ឆ្អេះ ឆ្អាបប៉ះពាល់ ដល់បរិស្ថាន សណ្តាប់ធ្នាប់ សោភណ្ឌភាពទីក្រុង និងបង្ហាញពីការខ្វះការយល់ដឹង ក៏ដូចជា ការចូលរួមសម្អាតទីក្រុងដែលជាទីក្រុងស៊ីវិល័យមួយ។
ក្រុមមន្ត្រីថែទាំសួនបានឲ្យដឹងថា ការអប់រំណែនាំត្រូវបានធ្វើឡើងជាប្រចាំ ហើយកន្លងមកក៏មានការដាក់ស្លាកហាមមិនឲ្យយកសត្វមកជុះ ឬរត់លើសួន។ តែក៏នៅតែមានមនុស្សមួយចំនួនហាក់មិនបានអើពើចំពោះការណែនាំនោះទេ ដោយនៅតែដឹកសត្វឆ្កែមកឲ្យជុះ និងនោមលើសួនច្បារ ឬឲ្យសត្វរត់ កាយបាក់ដើមផ្កា និងខូចស្មៅលើសួនជាដដែល ជាពិសេសនៅពេលព្រឹក និងពេលល្ងាចជាពេលដែលប្រជាពលរដ្ឋចេញហាត់ប្រាណ។
មន្ត្រីថែទាំសួនបញ្ជាក់ថា មិនមែនមានតែពលរដ្ឋខ្មែរទេ សូម្បីតែជនបរទេស ក៏បានដឹកឆ្កែមកឲ្យជុះលើសួនច្បារដែរ ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់រាជធានីភ្នំពេញ ហើយក៏សំណូមពរឲ្យសាលារាជធានីភ្នំពេញ ចាត់វិធានការក្តៅចំពោះអ្នកដឹកឆ្កែមកឲ្យជុះលើសួនច្បារឲ្យបានធ្ងន់ធ្ងរ និងឲ្យរាងចាលព្រោះសួនច្បារ គឺសម្រាប់មនុស្សមកលំហែរស្រូបយកខ្យល់អាកាសបរិសុទ្ធ និងហាត់ប្រាណដើម្បីសុខភាព មិនមែនសម្រាប់ឲ្យសត្វមកបំផ្លាញនោះទេ។
ផ្ទៃដីសួនច្បារចំនួន៦៩ហិកតា ត្រូវបានសាលារាជធានីភ្នំពេញ ធ្វើការកែច្នៃ និងកែលម្អឲ្យកាន់តែស្រស់បំព្រងសម្រាប់ជាមុខមាត់រាជធានីភ្នំពេញ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ សួនច្បារទាំងនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន ដឹកឆ្កែមកឲ្យជុះដាក់ទៅវិញ ដែលគួរឲ្យសោកស្តាយជាពន់ពេក៕
មតិយោបល់