ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ ពន្លឿនការទម្លាក់ខ្សែកាបអាកាស មកក្រោមដីតាមដងវិថីសំខាន់ៗ

ភ្នំពេញៈ ដោយមើលឃើញពីភាពអនាធិបតេយ្យនៃការតខ្សែភ្លើង ខ្សែកាប ខ្សែទូរស័ព្ទលើអាកាស តាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ នឹងមានវិធានការសម្អាតខ្សែភ្លើង ខ្សែកាប និងខ្សែទូរស័ព្ទរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ទាំងនោះឲ្យបានលឿន ដើម្បីសោភណ្ឌភាព និងសណ្តាប់ធ្នាប់ទីក្រុង។

ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាសតាមដងវិថី ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា អ្នកពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មានទូរគមនាគមន៏កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប ក្រុមហ៊ុន CFOCX និងក្រុមហ៊ុនទូរស័ព្ទជាដើម។

លោកបន្តថា អ្នកពាក់ព័ន្ធទាំងអស់ ត្រូវកំណត់ពេលវេលាឯកភាពគ្នាមួយច្បាស់លាស់ ដោយធ្វើក្នុងពេលតែមួយស្មើគ្នា គឺទម្លាក់ខ្សែកាបអាកាសទាំងអស់មកកប់ក្រោមដីវិញ ដោយសាលារាជធានីភ្នំពេញ លែងឲ្យមានខ្សែកាបលើអាកាស បង្កផលប៉ះពាល់សោភណ្ឌភាព សុវត្ថិភាពទីក្រុងទៀត ហើយដោយស្នើឲ្យក្រុមមន្ត្រីជំនាញសាលារាជធានីភ្នំពេញ ធ្វើការសិក្សាឲ្យបានច្បាស់លាស់ពីប្រព័ន្ធក្រោមដី ដោយកំណត់គោលដៅឲ្យបានច្បាស់ គឺត្រូវលប់បំបាត់ខ្សែកាបអាកាស និងត្រូវធ្វើប្លង់គោលជាកំណត់កុំឲ្យមានការខ្វែងគំនិតគ្នាជៀសវាងទាស់គ្នាលើអាកាសហើយ មកទាស់គ្នាក្រោមដីទៀត។

សាលារាជធានីភ្នំពេញ នឹងចាប់អនុវត្តទម្លាក់ខ្សែកាបអាកាស ដែលបង្កភាពអនាធិបតេយ្យ តាមដងវិថីសំខាន់ៗចំនួន៥មុនគេ គឺមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេទុង និងមហាវិថីកម្ពុជាក្រោម។

ពេលបច្ចុប្បន្ន គេបានសង្កេតឃើញថា តាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ពោរពេញដោយខ្សែភ្លើង ខ្សែទូរស័ព្ទ ត្រូវបានគេដាក់គ្មានសណ្តាប់ធ្នាប់ មើលទៅដូចសម្បុកពីងពាង ហើយតែងបង្កឲ្យមានអគ្គិភ័យ ឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលមកពីតខ្សែភ្លើង គ្មានលក្ខណៈបច្ចកទេស ឬឆក់មនុស្សស្លាប់ និងរបួសជាញឹកញាប់ផងដែរ៕

photo_2016-05-26_17-40-57photo_2016-05-26_17-40-51 photo_2016-05-26_17-40-55

មតិយោបល់