បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ តែងតែប្រើអំពើហិង្សាក្នុងគ្រួសារត្រូវបានកម្លាំង ការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅលាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ លាវ វីរីយ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកជនសង្ស័យ។ នៅវេលាម៉ោង១៤និង០២នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាវ សាវលិញ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករនៅនឹងផ្ទះឪពុកម្តាយស្ថិតភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីយកមកសួរនាំនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុសិរីសោភ័ណ។
លោកមេបញ្ជាការអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងទៀតថា៖ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនជាយូរឆ្នាំមកហើយ នៅពេលមកដល់ផ្ទះខ្លួនតែងតែប្រើហិង្សាក្នុងគ្រួសារព្រមទាំងគំរាមកំហែងសម្លាប់ឪពុក ម្តាយចោលទៀតផង។ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ឪពុកនិងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លាវ សាវលិញ នេះ គឺអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយដែរ ៕
មតិយោបល់