ភ្នំពេញៈ ព្រោះតែឥទ្ធិពលគ្រឿងញៀន បានធ្វើឲ្យបុរសម្នាក់បាត់បង់ស្មារតីលែងដឹងអ្វីខុសដឹងត្រូវ បានយកដុំថ្មទៅគប់កញ្ចក់គ្រឿងចក្ររបស់គេ បណ្តាលឲ្យបែកហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខសាលាវិទ្យាល័យបុរី១០០ខ្នង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបែកថ្នាំខាងលើមានឈ្មោះ ឈន វុល ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសបែកថ្នាំខាងលើដើរចុះដើរឡើង នៅលើផ្លូវសហព័ន្ធរុស្ស៊ីដោយគ្មានពាក់អាវទេ ហើយបានរើសដុំថ្មកាន់លុះមកដល់ចំណុចខាងលើ ក៏យកដុំថ្មទៅគុបត្រូវកញ្ចក់គ្រឿងចក្រ អែសស្កាវ៉ាទ័រ បណ្តាលឲ្យបែកទាំងមុខទាំងក្រោយ។ពេលនោះម្ចាស់គ្រឿងចក្រមកទាន់ឃើញសភាពបែបនេះក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកជួយអន្តរាគមន៍តែម្តង។
បើតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនបុរសបែកថ្នាំលើរួច ក៏ទាក់ទងទៅខាងមន្ទីរសង្គមកិច្ចឲ្យមកទទួលបន្ត។ ចំណែកខាងម្ចាស់ អែសស្កាវ៉ាទ័រ ដែលរងកាខូចខាត ក៏មិនប្តឹងផ្តល់អ្វីដែរ ហើយយកទៅជុសជុលដោយខ្លួនឯងព្រោះថាជនបង្កខាងលើបែកថ្នាំលែងដឹងអីទៅហើយ៕
មតិយោបល់