បន្ទាយមានជ័យៈ ជនសង្ស័យកូនប្រុសចិត្តខ្មៅម្នាក់ ផឹកស្រវឹង មកផ្ទះវិញឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួចខឹង ស្រាប់តែទាញកាំបិតខ្វែវមកដេញកាប់ឪពុកម្តាយនិងទ្រព្យសម្បត្តិយ៉ាងចាស់ដៃ សូម្បីតែអ្នកជិតខាងក៏មិនហ៊ានជួយ ចៃដន្យត្រូវកម្លាំងអាវុធហត្ថ ជិះម៉ូតូកាត់ទីនោះជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២១ខែ កក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ចាប ទិត្យ ប្រុសអាយុ២៥ឆ្នាំ រស់នៅក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនបង្កជាកូនបានត្រឡប់មកពីផឹកស្រានៅផ្ទះមិត្តភក្តិរហូតដល់ស្រវឹងខ្លាំងលុះមកដល់ផ្ទះឪពុក ធ្វើការស្តីបន្ទោសឲ្យថា«អញគ្មានលុយលោះម៉ូតូទៀតទេ ហើយម៉ែឯងសព្វថ្ងៃនេះកំពុងឈឺផង» គ្រាន់តែនិយាយប៉ុណ្ណឹងដោយសារតែជាតិសុរាចូលខ្លួនខ្លាំង ធ្វើឲ្យជនសង្ស័យមានកំហឹងយ៉ាងខ្លាំងក៏ស្ទុះទៅច្របាច់កឪពុកនិងដាល់ដើមទ្រូងជាច្រើនដៃ ម្តាយឃើញដូច្នេះរត់មកជួយរុញកូនចូលក្នុងផ្ទះ ពេលនោះកូនរបស់គាត់បានទាញកាំបិតខ្វែវដងដែកនិងពូថៅកាប់បំផ្លាញម៉ូតូដែលនៅក្នុងផ្ទះខ្ទេចខ្ទីអស់ ឃើញកូនបំផ្លាញទ្រព្យសម្បត្តិកាន់តែខ្លាំងឡើងៗក៏ស្រែកឲ្យអ្នកជិតខាងជួយតែអ្នកជិតខាងមិនហ៊ានចេញជួយព្រោះខ្លាចជនសង្ស័យកាប់ស្លាប់ព្រោះវា មានកាំបិតខ្វែវនៅនិងដៃស្របពេលនោះស្រាប់តែមានកម្លាំងអាវុធហត្ថជិះម៉ូតូល្បាតមកដល់ហើយបានធ្វើកាត់ឃាត់ខ្លួនបានរួចបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរបន្តតែម្តង។
ក្រោយពីសាកសួរជនសង្ស័យរួចមក ជនរូបនេះ បានឆ្លើយសារភាពថារូបគេពិតជាស្រវឹងស្រាមកដល់ផ្ទះបានបង្កហិង្សាលើឪពុកម្តាយនិងបានយកកាំបិតខ្វែងកាប់ម៉ូតូខ្ទេចខ្ទីអស់ពិតប្រាកដមែន ហើយកន្លងមកខ្លួនបានជក់គ្រឿងញៀនយ៉ាងសកម្មទៀតផង។
បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់