ព័ត៌មានជាតិ

ចាប់ម៉ែយ៉ែមម្នាក់ នាំស្រីក្មេងទៅឲ្យដេកជាមួយភ្ញៀវតម្លៃ១៥០០-២៥០០ដុល្លារ តែនាងៗបានតែ២០០ដុល្លារ

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរព្រហ្មចារីយ៍នារីវ័យក្មេងៗ រហូតឈានទៅដល់ការឃាត់ខ្លួនស្រ្តីម៉ែយ៉ែមម្នាក់ផងដែរ។

ឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីថ្ងៃទី២៣ ខែឧសភា លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរព្រហ្មចារីយ៍ក្មេងស្រ្តី ជួញដូរផ្លូវភេទលើស្រ្ដី និងកុមារី ដែលជនសង្ស័យកំពុងនាំក្មេងស្រីយកទៅលក់ព្រហ្មចារីយ៍នៅចំណុចផ្លូវ ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ត្រី បានបន្ដថា ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោកបានឃាត់ខ្លូនជនសង្ស័យជាម៉ែយ៉ែមម្នាក់ ឈ្មោះ អេង បុប្ផា ហៅម៉ោច អាយុ៣២ឆ្នាំ និងបានជួយសង្គ្រោះជនរងគ្រោះ៤នាក់ទៀត ទី១ឈ្មោះ ប ស គ អាយុ១៥ឆ្នាំ ទីឈ្មោះ ម ព ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស ន អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ទ ស ម អាយុ២៣ឆ្នាំ ព្រមទាំងដកហូតបានលុយ១០០០ដុល្លារផងដែរ។

បើតាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះបានប្រាប់ថា ជនសង្ស័យជាម៉ែយ៉ែម បាននាំពួកគេទៅលក់ឲ្យអនិកជនក្នុងតម្លៃ១៥០០ដុល្លារ ទៅ២៥០០ដុល្លារ ក៏ប៉ុន្ដែនៅពេលដែលពួកគេទៅដេកជាមួយភ្ញៀវរួច មិនទទួលបានលុយដូចម៉ែយ៉ែមនិយាយនោះទេ គឺពួកគេទទួលបានតែ២០០ដុល្លារប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើសញ្ចារកម្ម ពាក់នឹងការជួញដូរព្រហ្មចារីយ៍ និងជួញដូរផ្លូវភេទពិតប្រាកដមែន។ ក្រោយពីធ្វើការសាកសួររួច ជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

photo_2016-05-26_18-51-41photo_2016-05-26_18-51-45photo_2016-05-26_18-51-51photo_2016-05-26_18-51-53

មតិយោបល់