ភ្នំពេញៈ នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។
ហេតុការនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំណុចទល់មុខសាលា វិទ្យាល័យ ជាស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រី ស្រស់ អាយុជាង២០ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន មានទីលំនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញមកពីផ្ទះនៅទឹកថ្លាទៅធ្វើការដោយជិះម៉ូតូ១គ្រឿង តាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក់មិនចាំស្លាកលេខបានជិះមកជិតហើយធ្វើសកម្មភាពឆក់យកការបូបខ្លួនបានសម្រេច រួចពួកគេក៏បន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រម៉ោលតែម្តង។
ប្រភពដដែលពីជនរងគ្រោះបានបន្តទៀតថា របស់ដែលនៅក្នុងការបូបនោះរួមមាន លុយដុល្លាចំនួន១០០០$ ( ដុល្លា ) និងទូរសព្ទដៃចំនួន២គ្រឿង ម៉ាកiPhone7 ១គ្រឿង និង១គ្រឿងទៀតម៉ាកSAMSUNG រួមទាំងអត្តសញ្ញាណបណ្ណ១សន្លឹកផងដែរ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់