កណ្ដាលៈ កាលពីវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៩ មានករណីធ្វើឲ្យខូចខាត ដោយចេតនា (ដុតផ្ទះខ្លួនឯង)
ត្រង់ចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ មៀង ធីចាង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ-ឃុំកើតហេតុ (ប្រពន្ធ) ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ង្វៀង យុំាងយ៉ែរ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទត្រី មានទីលំនៅភូមិ-ឃុំកើតហេតុ (ប្ដី)។
សម្ភារខូចខាត៖
-ផ្ទះបែលើទឹកសង់ពីឈើ ជញ្ជាំងក្តារប្រក់ស័ង្កសី ទំហំ ៥ ម៉ែត្រ x ៧ ម៉ែត្រ (ខូចខាតទាំងស្រុង) ។
សភាពរឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានទិញស្រាថ្នាំចំនួន ១លីត្រកន្លះផឹក ជាមួយអ្នកភូមិចំនួន ០២នាក់ទៀត ពេលផឹកអស់ស្រាជនសង្ស័យ បានទៅទិញស្រាថ្នាំចំនួនកន្លះលីត្ររួចហើយ ដើរទៅលើបែលើទឹករបស់ខ្លួន ដែលស្ថិតនៅក្នុងទន្លេ ពេលទៅដល់លើបែក៏ផឹកស្រានោះបន្ថែមទៀត ក្រោយមកជនសង្ស័យ នឹកឃើញប្រពន្ធខ្លួន មិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងបៀរ ក៏កើតមានកំហឹងបានយកដែកកេះអុជជក់បារី និងបោះកន្ទុយបារីទៅលើវាំងនន បណ្តាលឲ្យរាលឆាបឆេះ ដល់ជញ្ជាំងផ្ទះធ្វើឲ្យឆេះខូចខាត អស់ទាំងស្រុងតែម្តង។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី។
បញ្ជាក់៖ ករណីនេះ ប្រពន្ធ សុំមិនប្ដឹងហើយសំណូមពរ ឲ្យអប់រំប្ដី នៅត្រឹមថ្នាក់ស្រុក៕
មតិយោបល់