ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា នឹងវិលពីមន្ទីរពេទ្យថៃនៅថ្ងៃសុក្រនេះ

ភ្នំពេញៈ យោងតាមការអះអាងរបស់លោក អ៊ិន ទីតូ ជាអ្នកដឹកនាំសម្ដែងប្រចាំហង្សមាស និងជាអ្នកគ្រប់គ្រងកម្មវិធី The Voice Cambodia បានឲ្យដឹងថា តារាចម្រៀងនាងពេជ្រ សោភា នឹងវិលពីមន្ទីរពេទ្យប្រទេសថៃនៅថ្ងៃទី២៧ ឧសភានេះហើយ ប៉ុន្តែលោកមិនទាន់ដឹងប្រាកដថា នាងមកដល់នៅម៉ោងប៉ុន្មាននោះទេ។ ក្នុងនោះលោកក៏បានប្រកាសថា សភាពជំងឺរបស់នាងក្នុងពេលសម្រាកព្យាបាលនៅថៃ មិនដូចរូបភាពដែលត្រូវបានគេបង្ហោះគួរឲ្យភ្ញាក់ផ្អើលនៅលើហ្វេសប៊ុកនោះទេ។

លោកមាស រិទ្ធី អគ្គនាយករង និងជាប្រធានព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានបញ្ជាក់ដោយផ្ទាល់មាត់ហើយថា រូបភាពដែលបានបង្ហោះពីសភាពធ្ងន់ធ្ងររបស់ពេជ្រ សោភា ឈឺនៅក្នុងមន្ទីរពេទ្យនៅលើហ្វេសប៊ុក គឺជារូបភាពក្នុងពេលនាងសម្ដែងបទចម្រៀងប៉ុណ្ណោះ។ លោកថា នាងពិតជាមានជំងឺ និងបានចេញទៅព្យាបាលនៅក្នុងប្រទេសថៃមែន ប៉ុន្តែមិនមានថតរូបដូចអ្វីដែលបានបង្ហោះនោះឡើយ។

លោកថា រូបដែលបង្ហាញពីពេជ្រ សោភា ធ្ងន់ធ្ងរ គឺជារូបពេលសម្ដែងទេ ចំណែកពេជ្រ សោភាដែលឈឺមែនទែននោះ គឺមិនបានថតរូប ហើយក៏មិនមានសភាពធ្ងន់ធ្ងរដូចឃើញនៅក្នុងរូបនោះដែរ។ មិនខុសគ្នាដែរ លោកអ៊ិន ទីតូ បានអះអាងថា ពេជ្រ សោភា មិនមានអាការៈឈឺធ្ងន់ដូចអ្វីដែលបានភ្ញាក់ផ្អើលនោះឡើយ។ លោកថា ពេជ្រ សោភា ពេលនេះ មានសភាពដូចដើមវិញហើយ បើទោះជានាងមិនទាន់បង្ហោះទិដ្ឋភាពប្រសើរឡើងរបស់ខ្លួនដែលនាំឲ្យមានការបន្តយល់ច្រលំក្តី។

លោកនិយាយថា «រូបហ្នឹងគេគ្រាន់តែបង្ហោះទេ ការពិតគាត់អត់មានអីទេ គ្រាន់តែទៅមើលសុខភាពធម្មតាតើ អត់មានអីទេ!»។ លោកថា ពេជ្រ សោភា នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៧ ឧសភា ដើម្បីមកត្រៀមបង្ហាញខ្លួនក្នុងកម្មវិធី The Voice Cambodia វគ្គបន្តផ្ទាល់ដែលនឹងផ្សាយនៅយប់ថ្ងៃអាទិត្យ។ លោកថា ពេជ្រ សោភា អត់មានធ្ងន់ធ្ងរដូចអ្វីដែលបានបង្ហោះរហូតភ្ញាក់ផ្អើលទេ ហើយនាងក៏មិនមានបញ្ហាដល់ថ្នាក់អវត្តមានពីការបង្ហាញខ្លួនក្នុងកម្មវិធីThe Voice Cambodia នោះដែរ។ លោកនិយាយថា«អាភាអត់មានអីទេ គេចេះតែផ្អើលហ្នឹង!»។

ជាមួយនឹងការប្រកាសឲ្យដឹងនេះ ធ្វើឲ្យគេស្ងប់ចិត្តជាងមុន ដែលពេជ្រ សោភា មិនមានបញ្ហាធ្ងន់ធ្ងរនឹងជំងឺឈាមសស៊ីឈាមក្រហម ដែលនាងប្រកាសនៅលើហ្វេសប៊ុកមុនពេលចូលសម្រាកក្នុងមន្ទីរពេទ្យ។ ប្រភពច្បាស់ការបានអះអាងថា ហេតុផលដែលនាំឲ្យមានការភ្ញាក់ផ្អើល គឺបន្ទាប់ពីនាងប្រកាសមានអាការៈធ្វើទុក្ខធ្ងន់ និងបានបង្ហោះរូបនៅក្នុងមន្ទីរពេទ្យថៃ។ គាប់ជួនជាពេលទន្ទឹមគ្នា គេឃើញអ្នកគាំទ្របង្ហោះទិដ្ឋភាពនាងត្រូវគ្រូពេទ្យសង្គ្រោះបន្ទាន់ និងសរសេរថាពេជ្រ សោភា ឈឺធ្ងន់ផង ទើបនាំឲ្យមានការឆោឡោ។ បើទោះជាលោកទីតូបានបញ្ជាក់ហើយថានាងបានធូរដូចដើមវិញហើយ ក៏ហាក់មិនធ្វើឲ្យអ្នកគាំទ្រស្ងប់ចិត្តនោះដែរ ដោយសារតែរូបដែលបានបង្ហោះឡើង វាស្របនឹងការបញ្ជាក់ថានាងឈឺធ្ងន់នៅលើគណនេយ្យរបស់ខ្លួន។ ពេជ្រ សោភា ត្រូវគេជឿជាក់ថានឹងធ្វើឲ្យអស់មន្ទិលក្នុងពេលដ៏ខ្លី និងបង្ហាញខ្លួនច្រៀងបទ«រាំញីកែងជើង»ជាមួយលោកដេវីតនៅស្ដាតអូឡាពិកនៅល្ងាចថ្ងៃអាទិត្យ និងបង្ហាញមុខក្នុងកម្មវិធីThe Voice Cambodia ដោយគ្មានអវត្តមាននោះឡើយ៕
w1

w2w3w4w5w6w7w8w9w10

មតិយោបល់