ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន ដកហូតបានជាង៥០កញ្ចប់

កំពតៈ មេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្មចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពត បង្ក្រាបបាន និងឃាត់ខ្លួន ក្រោយមានការស៊ើបអង្កេតយ៉ាងក្តៅគគុកពីជំនាញ។

ហេតុការណ៍ឃាត់ខ្លួនមេខ្លោងគ្រឿងញៀនខាងលើ បានធ្វើឡើង នៅវេលាម៉ោង៩ និង៣០នាទី ព្រឹកនាថ្ងៃ ទី២២ ខែកក្កដានេះ នៅចំណុចភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ដោយកងកម្លាំងមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពត ។

បើតាមលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ ដែលជាអ្នកដឹកនាំកម្លាំងតាមបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជាលទ្ធផលក្រោយកិច្ចប្រតិបត្តការបង្ក្រាបខាងលើ កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដែលសុទ្ធសឹងតែជាមេខ្លោងជូញដូរតែម្តង ស្នាក់នៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកវរសេនីយ៍ទោបន្តថា ជនសង្ស័យទាំង៣នាក់នោះរួមមានទី១ឈ្មោះ ហ៊ុន លី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូព្រែកចាក មានលាក់វត្ថុតាងគ្រឿងញៀនចំនួន១កញ្ចប់តូច ទម្ងន់០,៥៣ក្រាម , ទី២ឈ្មោះ សៀវ ចន្ថា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរ ជាអ្នកលក់ត្រី ដកហូតបានវត្ថុតាងគ្រឿងញៀន ចំនួន៤កញ្ចប់តូច មានទម្ងន់០,៨៥ក្រាម និងទី៣ឈ្មោះ អ៊ុក ភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ ដកហូតវត្ថុតាងគ្រឿងញៀន ចំនួន៤៨កញ្ចប់តូច មានទម្ងន់២៥,២៨ក្រាម។
សរុបមានចំនួន៥៣កញ្ចប់ មានទម្ងន់សរុប២៦,៦៦ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្ថែម ដើម្បីបញ្ជូនទៅកាន់តុលាការ៕

https://youtu.be/mH09RrNO5Kc

មតិយោបល់