ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពីក្រោយពេញទំហឹង បុរសចំណាស់ម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ISUZU និងម៉ូតូវីវ៉ា បណ្តាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវបេតុងទួលពង្រ ហើយរថយន្ត ISUZU នោះបានព្យាយាមបើករថយន្តគេចបាន៥០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់បាននៅតាមបណ្តោយផ្លូវវ៉េងស្រេង ទល់មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសចំណាស់ដែលជាជនរងគ្រោះឈ្មោះ ប៊ុន រិទ្ធី អាយុ៦៣ឆ្នាំ ស្នាក់ម្តុំវត្តធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើដំណើរដោយម៉ូតូវីវ៉ា ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1H-8330។ ចំណែករថយន្តកុងតឺន័របង្កដែលមានម៉ាក់ ISUZU ស្លាកលេខ ភ្នំពេញ3A-1505 បើកបរដោយបុរសម្នាក់ឈ្មោះ រីម អាយុ៣១ឆ្នាំ ស្នាក់យនៅមិនពិតប្រាកដ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពេលដែលមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តបង្កខាងលើជិះមកពីក្រោយក្នុងយ៉ាងលឿនបានរ៉េចង្កូតបុកជនរងគ្រោះពីក្រោយ តែសំណាងល្អជនរងគ្រោះបានលោតចេញពីម៉ូតូតែមិនផុតពីរថយន្តត្រូវរថយន្តកិនចំជើងខាងឆ្វេង បណ្តាលឲ្យរងគ្រោះបែកប្រអប់ជើងតែម្តង។ ក្រោយពេលបង្កហេតុរថយន្តមិនបានឈប់នោះទេគឺបានព្យាយាមបើកគេចតែត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅនោះធ្វើការដេញតាមរហូតឃាត់បាននៅចំណុចខាងលើ។

ក្រោយពេលកើតហេតុជនរងគ្រោះមានសភាពធ្ងន់ត្រូវបានប្រជាពលរដ្ឋលើកដាក់រម៉កកង់បីដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលចរាចរណ៍ជើងគោកខណ្ឌពោធិ៍សែនជ័យបណ្តោះអាសន្នរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់