ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉េង កែវពេជ្ជតា មិនតដៃនឹងគូជម្លោះ

ភ្នំពេញៈ ខុសពីការគិតទុករបស់មហាជនភាគច្រើន ដែលប៉ាន់ស្មានថា អ្នកនាងម៉េង កែវពេជ្ជតា នឹងបញ្ចេញកំហឹង១០០អង្សារវាយបកទៅលើអតីតពិធីការិនីCTN នាងសាសា ដែលបានមាក់ងាយមកលើខ្លួននោះ អ្នកនាងម៉េង កែវពេជ្ជតា បែរជានៅតែរក្សាជំហរស្ងាត់ឈឹងមិនធ្វើការតបត។ អ្នកនាងក៏មិនព្រមស្វាគមន៍ចំពោះសម្ភាសន៍ ដោយមិនព្រមលើកលេខប្លែកចាប់តាំងពីមានការវាយប្រហារពីសំណាក់សាសាផងដែរ។

ជំហរដ៏កម្រឃើញនេះ បានធ្វើឲ្យមនុស្សមួយចំនួនផ្ដោតការកោតសរសើរចំពោះអ្នកនាងម៉េង កែវពេជ្ជតាយ៉ាងខ្លាំង ប៉ុន្តែក៏មានការសង្ស័យថា អ្នកនាងទំនងជាសម្ងំរកវិធីឲ្យមានប្រសិទ្ធិភាពដើម្បីតដៃទៅលើគូជម្លោះ គឺនាងសាសា ដែលបានតាំងខ្លួនធ្វើជាអ្នករិះគន់ដោយមិនសំចៃមាត់មកលើខ្លួនដូចគ្នា។ តារាសិល្បៈជាច្រើនបានសម្ដែងការភ្ញាក់ផ្អើលក្នុងពេលអ្នកនាងម៉េង កែវពេជ្ជតា ដែលស្រាប់តែមានជំហរស្ងប់ស្ងៀម ក្នុងពេលដែលអតីតសិល្បការិនីគឺនាងសាសា កាន់តែបន្តវាយប្រហារដោយមិនសំចៃមាត់ក្នុងន័យរិះគន់ដល់អ្នកនាង។ ជាពិសេសក្នុងពេលដែលនាងសាសាបញ្ជាក់ថា អ្នកនាងគឺជាតារារៀមច្បង ដែលមិនមានអំពើល្អចំពោះសង្គម គឺមិនខុសពីការវាយប្រហារពេញៗមាត់ថាអ្នកនាងគឺជាតារាដែលមិនសមទំនងនឹងផ្ដល់កិត្តិយសឲ្យនោះទេ។

សម្ដីទាំងនេះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវគេប៉ាន់ស្មានថា នឹងមិននៅសម្ងំស្ងៀមបានយូរនោះទេ ដោយសារតែអ្នកនាងក៏មិនមានទម្លាប់ចុះញ៉មចំពោះអ្នកដែលបានមាក់ងាយខ្លួនផងដែរ។ ប៉ុន្តែនៅគណនេយ្យផ្លូវការរបស់អ្នកនាងម៉េង កែវពេជ្ជតា គេមិនឃើញបង្ហោះការវាយបកណាមួយនោះទេ ដោយសូម្បីតែសកម្មភាពថ្មីៗចាប់តាំងពីមានការរិះគន់ពីសំណាក់សាសា និងអ្នកគាំទ្រនោះទេក៏មិនមាននោះដែរ។ ប្រភពដែលគួរទុកចិត្តបានអះអាងថា អ្នកនាងម៉េង កែវពេជ្ជតា ឆេះក្បាលឆេះកន្ទុយនឹងពាក្យរិះគន់របស់សាសាខ្លាំងណាស់ ដោយសឹងនឹងធ្វើឲ្យនាងបំពេញកិច្ចការមិនបានចប់ចុងចប់ដើមនោះផង។ ប៉ុន្តែអ្នកនាងមិនបានតបតដោយការបង្ហោះសារវាយបកដូចគ្នា នឹងការតដៃទៅលើ ដេនី ក្វាន់ នោះឡើយ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើអ្នកនាងស្ងប់ស្ងាត់ ដើម្បីឲ្យរឿងត្រូវបានបញ្ចប់ដោយអសារបង់ ឬក៏សម្ងំត្រៀមវិធានការផ្លូវច្បាប់ណាស់មួយ ដើម្បីវាយបកទៅលើគូសត្រូវនោះឡើយ។ តារារូបនោះនិយាយថា«បើឲ្យខ្ញុំស្មាន ខ្ញុំថាអាដាអត់ព្រមចប់ត្រឹមហ្នឹងទេ ប៉ុន្តែបើគាត់នៅស្ងៀមចឹង គឺខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំក៏មិនចង់ឲ្យរឿងហ្នឹងទៅជាវែងឆ្ងាយដូចខ្លែងបន្តទៅទៀតដែរ!»។ ប្រភពជាច្រើនបានប៉ាន់ស្មានថា អ្នកនាងម៉េង កែវពេជ្ជតា កំពុងប្រើភាពចាស់ទុំរបស់ខ្លួនដើម្បីបន្សាបកំហឹងដែលបានឆាបឆេះ ប៉ុន្តែគេនៅតែមិនទាន់ជឿថាអ្នកនាងនឹងព្រមឲ្យភាពអាម៉ាស់ត្រូវបានកើតឡើង ដោយសារតែសម្ដីរិះគន់របស់សាសា នៅលើហ្វេសប៊ុកនោះទេ។ អ្នកនាងត្រូវគេសង្ស័យថានឹងស្វែងរកផ្លូវច្បាប់ ដើម្បីលុបលាងភាពអាម៉ាស ដោយសារតែសម្ដីធ្ងន់ៗរបស់សាសា គឺមានន័យប្រមាថដែលអ្នកនាងទំនងមិនបណ្ដោយឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនស្ថិតក្នុងការចំអកពេបជ្រាយបែបហ្នឹងនោះឡើយ។ យ៉ាងណាមិញគេក៏មិនជឿថាអតីតពិធីការិនីសាសា នឹងខ្ជាក់ពាក្យសុំទោសដូចគ្នានឹងដេនី ក្វាន់នោះដែរ បើទោះជាសាសាបានរិះគន់ធ្ងន់ៗធ្វើឲ្យអ្នកនាងរងការអាម៉ាស់។

គួរបញ្ជាក់ផងដែរថា សាសាត្រូវបានគេចាត់ទុកថាជាគូជម្លោះរបស់អ្នកនាងម៉េង កែវពេជ្ជតា បន្ទាប់ពីនាងបានយករូបអ្នកនាង ហើយសរសេរបង្ហោះថា«មនុស្សល្អមិនរមាស់ទើសរឿងគេទេ គេស៊ីបាយគេ គេមិនសុំបាយអ្នកស៊ីឡើយ ល្មមៗបានហើយ មើលសម័យផង បើធ្វើមិនបានល្អដូចគេកុំច្រណែនគេ សិស្សច្បងស្អី ធ្វើអីដែលល្អខ្លះដល់សង្គម!»។ ក្នុងនោះនាងក៏បានវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗតបនឹងទៅនឹងអ្នកគាំទ្រ ដែលធ្វើខ្ទរខ្ទារពេញបណ្ដាញហ្វេសប៊ុក និងបណ្ដាលឲ្យអ្នកនាងម៉េង កែវពេជ្ជតា រងការអាម៉ាស់មកទល់ពេលនេះផងដែរ។ យ៉ាងណាមិញ មហាជនភាគច្រើនហាក់បង្ហាញអារម្មណ៍ហត់នឿយចំពោះសម្ដីតតាំងដាក់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាដែលបានកើតឡើង ជាពិសេសនៅពេលរឿងរ៉ាវបានរីករាលដាលពីជាមួយ ដេនី ក្វាន់ ដល់ក្រសួងវប្បធម៌ និងចុងក្រោយដល់នាងសាសានាពេលនេះ៕

t5t6t10t7t1t2t3t4t8t9t10t11t12t13t14t15

មតិយោបល់