ភ្នំពេញៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តដឹកទំនិញរបស់កងដឹកជញ្ជូន H C ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុក និងកិនក្មេងប្រុស២នាក់ ដែលជាបងប្អូនភ្លោះ កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា បណ្ដាលឲ្យបងប្រុសបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែកប្អូនប្រុសរងរបួស ហើយអ្នកបើកបររថយន្តបង្កហេតុ ត្រូវបាននគរបាលដែលប្រចាំការ នៅគោលដៅរង្វង់មូល ថ្នល់បំបែកចោមចៅ ឃាត់ខ្លួនបាននាំទៅកាន់ប៉ុស្ដិ៍ចោមចៅរង់ចាំប្រគល់បន្ តទៅកាន់ការិយាល័យនគរបាល ចរាចរផ្លូវគោក នៃស្នងការរាជធានីភ្នំពេញចាត់ការតាមច្បាប់។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចជិតផ្សារចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះដែលស្លាប់ឈ្មោះ ហ៊ាង ម៉េងឈាង អាយុ១៥ឆ្នាំ និងក្មេងប្រុសដែលរងរបួសឈ្មោះ ហ៊ាង ម៉េងឆ័ង អាយុ១៥ឆ្នាំ ដែលពួកគេគឺជាបងប្អូនភ្លោះនិងគ្នា ជាសិស្សរៀននៅសាលាប៊ែលធី មានទីលំនៅក្នុងបុរីលឹម ឈាងហាក់ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌណោធិ៍សែនជ័យ។ ក្មេងប្រុទាំងពីរនាក់នេះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-4606 ហើយម៉ូតូនេះ ខ្ចីគេជិះទៀតផង ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-4918 បើកបរដោយជនស្ទាវម្នាក់ឈ្មោះ សៀង ភា អាយុ២៥ឆ្នាំ លាបសក់ក្បាលពណ៌ទង់ដែង មានទីលំនៅក្នុងភូមិត្រពាំងថ្លា ឃុំអង្គតាសោម ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នា ចេញពីក្នុងបុរីលឹមឈាងហាក់ ក្នុងបំណងទៅរៀនកួរដោយបានខ្ចីម៉ូតូសាច់ញាតិជិះ និងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត បន្ទាប់មកបានឆ្លងផ្លូវវ៉េងស្រេង ហើយខណៈពេលកំពុងឆ្លងជិតផុតទៅហើយ។ ស្រាប់តែរថយន្តខាងលើបើកបរយ៉ាងលឿនពីជើងទៅត្បូងទៅដល់ បានបុកពីក្រោយ និងកិនបណ្ដាលឲ្យបងជាប់ក្រោមកង់រថយន្តខាងមុខ ផ្នែកខាងស្ដាំបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយឡែកប្អូនប្រុសរងរបួស ហើយម៉ូតូបានជាប់ក្រោមកង់ ក្រោយរថយន្តខាងឆ្វេងរងការខូចខាតទាំងស្រុងតែម្ដង។
ក្រោយកើតហេតុអ្នកបើកបររថយន្ត ត្រូវបានកម្លាំងនគរបាលប្រចាំការក្បែរនោះ ចាប់ខ្លួនបាន ខណៈដែលកំពុងព្យាយាមរត់គេចខ្លួន ដោយសាកសព ត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ ហើយរថយន្ត និងម៉ូតូ ត្រូវនាំទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ខាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
https://youtu.be/gsZ9WK8gzko
មតិយោបល់