ព័ត៌មានជាតិ

រថយន្តតួរីស កិនម៉ូតូខ្ទេចមួយកំណាត់មុខ អ្នកបើករបួសធ្ងន់ដាច់ជើងឆ្វេង

ពោធិ៍សាត់: បុរសម្នាក់ រងរបួសធ្ងន់ដាច់ជើងឆ្វេង ខណ:រថយន្តតូរីស កិនម៉ូតូខ្ទេចមួយកំណាត់ ក្នុងពេលធ្វើដំណើរទិសដៅបញ្ច្រាស់ទិសគ្នា កាលពីវេលាម៉ោង ៤ និង ៣០នាទីព្រឹក ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ ១៩៣ និង ១៩៤ ស្ថិតក្នុងភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកានា ខេត្តពោធិ៍សាត់ ។

លោក នាង វុទ្ធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Post News ឲ្យដឹងរសៀលថ្ងៃព្រហស្បតិ៍នេះថា ករណីនេះបានកើតឡើង រវាងរថយន្តតួរីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-2760 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បានបុកហើយកិនពីលើម៉ូតូ Dream ស៊េរី២០១១ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-7419 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះ មាន សាមឿត (ហៅង៉ា) ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ដាច់ជើងឆ្វេង ។

លោកអធិការបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងរបស់យើងបានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយ ៕

3 4 5 6 7 8

មតិយោបល់