ព័ត៌មានជាតិ

រថយន្តនីសាន់ បើកបុកក្មេងសិស្សសាលា កំពុងជិះកង់ ស្លាប់ និងរបួស២នាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីក្មេងប្រុសពីរនាក់ ត្រូវរថយន្តបើកបុក បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះទី១ឈ្មោះ ម៉ាន ពៃទូវី ភេទប្រុស អាយុ៧ឆ្នាំ (ស្លាប់) និងម្នាក់ទៀតឈ្មោះ សាន់ សាឡានី ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ ក្មេងទាំងពីរនៅភូមិឃុំកើតហេតុជាមួយគ្នា។ ចំណែកជនបង្កឈ្មោះ ងូវ ឆាយ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះ ទើបចេញពីសាលារៀប ហើយបានជិះកង់ឌុបគ្នា សំដៅទៅផ្ទះ តាមបណ្តោយផ្លូវពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកនីសាន់ ចង្កូតស្តាំ អត់ស្លាកលេខ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន រេចូលចំណែកផ្លូវកង់ ក៏បុកពេញទំហឹង បណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានឃាត់រថយន្តបង្ក និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ចស្រុកក្រូចឆ្មារ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនបង្កទៅតុលាការនាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩នេះ៕

មតិយោបល់