ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សាយ សារុន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនជាប់ចោទ ឈ្មោះ ឡុង សុខ ជានាយករងសាលបឋមសិក្សាវាលស្បូវ ដែលបានបៀតបៀនកូនសិស្សស្រី ជាបណ្ដោះអាសន្នហើយ។
ប្រភពបានបញ្ជាក់ថា ការម្រេចឃុំខ្លួនជនជាប់ចោទខាងលើ ក្រោយពីលោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ ឈ្មោះ ឡុង សុខ ភេទប្រុស អាយុ ៥០ឆ្នាំ ពីបទ អំពើអាសប្រឆាំងនឹងអនីតិជនក្រោមអាយុ១៥ឆ្នាំ ប្រព្រឹត្ត កាលពីថ្ងៃទី១៩ ខែកក្កដា នៅទីចាត់ការសាលាបឋមសិក្សាវាលស្បូវ ស្ថិតនៅភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ យោងតាមមាត្រា ៤៣ នៃច្បាប់ស្តីពី ការបអង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
គួររំលឹកថា ជនជាប់ចោទឈ្មោះ ឡុង សុខ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌច្បារអំពៅឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៧ បន្ទាប់ ពីបានទទួលពាក្យបណ្តឹងពីម្តាយឪពុកសិស្សរងគ្រោះ ដោយចោទប្រកាន់ថា ជនជាប់ចោទបាន ប្រព្រឹត្តអំពើបៀតបៀនប៉ះពាល់ កេរ្តិ៍ខ្មាស ជនរងគ្រោះ៕
មតិយោបល់