ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ពលការីនីខ្មែរចំនួន០៣ នាក់ ដែលបានទៅធ្វើការផ្នែកបោសសំអាត នៅប្រទេសម៉ាឡេស៊ី បានជួបប្រទះការលំបាក ក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ នេះបើយោងតាមការបញ្ជាក់ពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលការិនីទាំង០៣ នាក់ មានឈ្មោះ ទី១, សេង សុន្នា អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ តាមរយៈ ក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ។ សេង សុន្នា បានទៅ ស្ថានទូតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
ទី២, រុន ធីម អាយុ ២០ ឆ្នាំ មានស្រុកកំណើតនៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី ។ រុន ធីម បានទៅស្ថានទូតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុនលោកជ័យ ឲ្យបង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជាវិញ ឲ្យពលការិនីទាំងពីរនាក់នេះ។ ក្រុមហ៊ុន បាន យល់ព្រមតាមសំណើរបស់ស្ថានទូត។
ទី៣, អ៊ំ ថូរ៉េន អាយុ៣៩ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឫស្សី ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៥។ អ៊ំ ថូរ៉េន បានទៅស្ថានទូតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជា វិញ។ ស្ថានទូត បានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន និងបង់ពិន័យឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី ឲ្យពលការិនី អ៊ំ ថូរ៉េន។ ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិង ការហូប ចុក ដល់ពលការិនីទាំង០៣ ខាងលើ។
លោក បានបន្ដថា ពលការិនីទាំង០៣ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង០៧ និង៣៥ នាទីព្រឹក តាមជើងយន្តហោះ AK 536 ។
ជាមួយនេះ ផងដែរ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋ ឥណ្ឌូណេស៊ី បានអន្តរាគមន៍ជួយពលរដ្ឋខ្មែររងគ្រោះចំនួន០៣ នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលរដ្ឋខ្មែរទាំង០៣នាក់ មានឈ្មោះ ទី១, ហេង សុធា ភេទប្រុស អាយុ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិតាសែន ឃុំទ្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកទោសដែលទើបត្រូវបានដោះលែង។
ទី២, ប៊ុន សំបូរ ភេទស្រី អាយុ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិគារ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងទី៣, កូនប្រុសអាយុ០៩ ខែ ឈ្មោះ Pettra ។ មុនពេលទៅប្រទេស ឥណ្ឌូណេស៊ី ស្រ្តីខ្មែររូបនេះ មានមុខរបរជាបុគ្គលិកអនាម័យ នៅកាស៊ីណូ នៅប៉ោយប៉ែត និងបានស្គាល់បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលធ្វើការក្នុងកាស៊ីណូជាមួយគ្នា។ ក្រោយមក បានចាញ់បោកការលួងលោមពីសំណាក់បុរសម្នាក់នោះ ដោយសន្យាថានឹងរត់ឯកសាររៀបការស្របច្បាប់ ប៉ុន្តែពុំបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវទេ បុរសរូបនេះ បានបង្ខាំង និងវាយធ្វើបាបជាច្រើនដង។ ស្រ្តីរូបនេះបាននាំកូនប្រុស ឈ្មោះ Pettra ទៅស្ថានទូត ដើម្បីសុំជួយឱ្យបានវិលត្រឡប់មកកម្ពុជា។
លោក ជុំ សុន្ទរី បញ្ជាក់ទៀតថា ពលរដ្ឋខ្មែរទាំង០៣ ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង១០ នាទី តាមជើងយន្តហោះ MH 762 ។ ដោយឡែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ០១ រូប ឈ្មោះ បេ វួចគា ដែលបានចាញ់បោកមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី កាលពីឆ្នាំ២០១៣ ដោយមានការលំបាក និងមិនអាចរស់នៅជាមួយប្ដីបានតទៅទៀត ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្រ្តីខ្មែររូបនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង១៣ និង២៥ នាទី តាមជើងយន្តហោះ CZ6059៕
មតិយោបល់