ព័ត៌មានជាតិ

បុកទៀតហើយ! រថយន្តតាកូម៉ាបុកជាមួយម៉ូតូ បណ្តាលឲ្យនារី២នាក់រងរបួស!

ភ្នំពេញ: រថយន្តម៉ាកតាកូម៉ា១គ្រឿងដែលបើកបរដោយបុរសម្នាក់ បានបើកទៅបុកម៉ូតូម៉ាកស្មាស់រីវ៉ូ ១គ្រឿង បណ្តាលឲ្យស្ត្រីចំនួន២នាក់រងរបួស រួចព្យាយាមបើករត់គេចខ្លួនទៅដល់ខណ្ឌដូនពេញ ក៏ត្រូវកម្លាំងមានសមត្ថកិច្ចតាមចាប់ឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះនរោត្តម កែងនិងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងមានសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីនាក់បាននាំគ្នាជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AG-1903 មួយគ្រឿងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7573 មួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ក៏បានមកបុកម៉ូតូរបស់ស្ត្រីទាំងពីរនាក់នោះ បណ្តាលឲ្យរងរបួសតែម្តង។

ពេលដែលមានហេតុការណ៍កើតឡើង ភ្លាមៗនោះបុរសអ្នកបើកបររថយន្តម៉ាកតាកូម៉ានោះមិនបានឈប់មើលជនរងគ្រោះឡើយ និងបន្តបើករថយន្តព្យាយាមរត់គេចខ្លួន រហូតដល់ទឹកដីក្នុងភូមិសាស្ត្រខណ្ឌដូនពេញទើបត្រូវកម្លាំងមានសមត្ថកិច្ចតាមចាប់ឃាត់បាន។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះទាំង២នាក់ត្រូវបានគេបញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯរថយន្ត និងម៉ូតូរបស់នារីរងគ្រោះ ត្រូវបានគេបបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់