ព័ត៌មានជាតិ

Update៖ ឃាត់ខ្លួនជនបង្ក ករណីបុកបុគ្គលិកបុរីជីបម៉ុងលែន ២នាក់ស្លាប់ នៅផ្លូវ៦០ម៉ែត្របានហើយ

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រថយន្ដស៊េរីទំនើបមួយគ្រឿង បើកបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់យ៉ាងអាណោចអធ័ម។

ជនបង្កឈ្មោះ ឆេង គីមលី ភេទប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយទ្បែកនៅក្នុងប័ណ្ណសម្គាល់ យានយន្តមានឈ្មោះ ឆេង ម៉េងលី គឺជាបងជីដូនមួយរបស់ជនបង្ក ដោយហេតុថា ខ្លួនមានអាស័យដ្ឋាននៅខេត្ត មិនអាចធ្វើផ្លាកលេខនៅភ្នំពេញបាន ទើបយកឈ្មោះ បងមកឈរ ដាក់ធ្វើផ្លាកលេខជំនួស។

ជនរងគ្រោះទី១ ឈ្មោះ ចាន់ ណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកបុរីជីបម៉ុងលែន មានស្រុកកំណើតខេត្តព្រៃវែង និងទី២ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែល ២០ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IC-4551 រួមដំណើរជាមួយនារីម្នាក់ និងដឹកនំប៉័ង ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿន បានបើកវ៉ាចូលទៅផ្លូវម្ខាង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយប្រ៊ីត ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BB-0035 ធ្វើដំណើរច្រាស់ទិសគ្នា ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង ខណៈអ្នកបើកម៉ូតូចំនួន ២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗតែម្ដង។ ភ្លាមៗនោះ រថយន្ដបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់