ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់ បានជិះម៉ូតូត្រលប់ទៅផ្ទះលឿនពេក បានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ដែលចតចោលលើចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០យប់ថ្ងៃសៅរិ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនិងផ្លូវស្តុបកប់ស្រូវ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សពនារីរងគ្រោះឈ្មោះ ជុំ ជុននីតា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកផ្នែកទីផ្សារបុរី «លឹមឈាងហាក់» ស្នាក់នៅខណ្ឌកំបូល មានស្រុកកំណើតខេត្តកំពង់ចាម។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្គុបពី ០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1TB- 3671 ធ្វើដំណើរពីកើតទៅលិច បំណងត្រលប់ទៅផ្ទះ។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-4161 ដែលចតលើចិញ្ចើមពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញ ចុះវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុង រង់ចាំឲ្យម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
ដោយទ្បែកសពនារីរងគ្រោះ ក្រោយធ្វើកំណត់រួច សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់