ព័ត៌មានជាតិ

ក្រុមមុខសញ្ញាលួចម៉ូតូ និងរថយន្តយ៉ាងសកម្ម ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ក្រចេះ: ជនសង្ស័យ៣នាក់ សុទ្ឋសឹងជាមុខសញ្ញាលួចយ៉ាងសកម្ម ដូចជាលួចកាច់សោកម៉ូតូ និងរថយន្ត បានសម្រេចជាច្រើនករណី ធ្លាប់ប្រព្រឹត្តនៅស្រុកស្នួល និងខេត្តដទៃទៀត ពេលនេះត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម ធ្វើការស្រាវជ្រាវក្រសោបចាប់ខ្លួនបានជាបន្តបន្ទាប់នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកស្នូល ខេត្តក្រចេះ ។

ជនទាំង៣នាក់ដែលត្រូវបានចាប់ខ្លួននេះមាន៖ ១.ឈ្មោះ រ៉ ហ្វាត អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ,២.ឈ្មោះ រិន រី អាយុ២៥ឆ្នាំ រស់នៅភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ,៣.ឈ្មោះ រេន ម៉ាប់ អាយុ២២ឆ្នាំ រស់នៅ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ជនទាំង៣នាក់ខាងលើនេះ ជាមុខសញ្ញាពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ និងបានរត់មកសម្ងំលាក់ខ្លួននៅស្រុកស្នួល ក្នុងទឹកដីនៃខេត្តក្រចេះ ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា ក្រុមជនសង្ស័យត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាន ដើម្បីបន្តនីតិវិធី៕

មតិយោបល់