បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីរាំធុងបាស ត្រូវបានជនល្មើសស្ទាក់កាប់ បណ្ដាលឲ្យរងរបួសដេរជិត២០ថ្នេរ!

កណ្ដាល: យុវជនម្នាក់ត្រូវបានជនល្មើសប្រើកាំបិតកាប់បណ្ដាលឲ្យរងរបួសខណ:ពួកគេជិះម៉ូតូត្រឡប់មកពីរាំធុងបាសក្នុងកម្មវិធីប្រគំតន្រ្តី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្លូវលេខ១១០ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែ ពីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រងរបួសស្នាមលើបាតដៃខាងស្ដាំប្រវែង១០សង់ទីម៉ែត្រ ដេរចំនួន១៨ថ្នេរ និងស្នាមឆូតស្បែកថ្ពល់មុខខាងស្ដាំ។ រីឯជនសង្ស័យមានឈ្មោះ បញ្ញា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(រត់គេចខ្លួន)។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះបានទៅរាំធុងបាសក្នុងការប្រគំតន្រ្តីស្រាបៀអង្គរភូមិឫស្សីស្រុក២ ឃុំឈើទាល ពេលចប់កម្មវិធី តន្រ្តីស្រាបៀអង្គរ ជនរងគ្រោះ បានជិះម៉ូតូឌុបឈ្មោះ សៀង វ៉ារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សនៅភូមិឃុំជាមួយគ្នា ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនល្មើសចេញមកពីចិញ្ចើមផ្លូវលេខ១១០ដោយមានកាន់កាំបិតសាំងគីម បានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាម ហើយបានរត់គេចខ្លួនបាត់និងយកវត្តុតាងកាំបិតសាំងគីមទៅជាប់នឹងខ្លួនផងដែរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសស្នាម។

បច្ចុប្បន្ន ក្នុងករណីខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានចុះដល់កន្លែងកើតហេតុនិងផ្ទះជនរងគ្រោះ ហើយកំពុងស្រាវជ្រាវរកមុខជនល្មើសដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់