ព័ត៌មានជាតិ

អស្ចារ្យម្ល៉េះ! ផឹកស៊ីសប្បាយខាងក្រៅពេលចូលដល់ផ្ទះប្រពន្ធសួរនាំ រករឿងវាយប្រពន្ធទៀត

កណ្តាល: ករណីហិង្សាក្នុងគ្រួសាររវាងប្តីនិងប្រពន្ធបណ្តាលឲ្យប្តីខឹងរួចស្ទុះទៅខ្វាចភ្នែករបស់ប្រពន្ធធ្វើឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់
នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ ពិសី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចេកចៀន មានទីលំនៅភូមិឃុំ កើតហេតុ (របួសភ្នែកទាំងសងខាង) ជាប្រពន្ធ។ ចំណែកជនសង្ស័យដែលជាប្តីមានឈ្មោះ សុខ ផាន់ណុច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅភូមិឃុំ កើតហេតុ (ឃាត់ខ្លួន)។

ប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោង៨ព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសម្តីនិងគ្នា ដោយជនសង្ស័យជាប្តី បានដើរចេញពីផ្ទះទៅផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់ម៉ោង១០និង៣០នាទីយប់ ថ្ងៃដដែលបានត្រឡប់ចូលផ្ទះវិញរករឿងប្រពន្ធ ក៏មានទំនាស់ពាក្យសម្តីនិងគ្នា ពេលនោះប្តីបានស្ទុះទៅខ្វាចភ្នែកប្រពន្ធបណ្តាលឲ្យមានរបួសស្នាម។
ក្រោយមកបងប្អូនបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំណែកប្តីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាកូវឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់