ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន២០កញ្ចប់តូច ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យក្របួចបាន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឃាត់ខ្លួនយកទៅសាកសួរបន្ទាប់ពីឆែកឆេររកឃើញនូវសារធាតុញៀនចំនួន២០កញ្ចប់តូច។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះអត់លេខ ផ្លូវបេតុងអត់លេខ ភូមិមានជ័យ១ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្នុងនោះដកហូតថ្នាំញៀនប្រភេទក្រាមពណ៌ស តូចល្មមចំនួន២០កញ្ចប់តូច។

តាមសម្ដីលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចរបស់លោកបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យខាលើ កំពុងតែឈររ៉េរា នៅចំណុចខាងលើ ឃើញដូច្នេះដោយមានការសង្ស័យកម្លាំងបានសុំធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញនូវសារធាតុញៀនចំនួន២០កញ្ចប់តូចធំ ដែលជនសង្ស័យរូបនោះលាក់ទុក ក្នុងហោប៉ៅខោខាងមុខ ឃើញដូច្នេះកម្លាំងក៏បាននាំខ្លួនជនសង្ស័យរូបនោះយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ

នៅពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យរូបនោះបានសារភាពថា រូបគេពិតជាបាន ជួញដូរគ្រឿងញៀនទាំងនេះពិតប្រាកដមែន ហើយគ្រឿងញៀនទាំងនេះគឺរូបគេបានយកពីម្តុំបឹងសាឡាង ខណ្ឌទួលគោក ដើម្បីយកមកចែកចាយបន្ត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដងទៅ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចជជនសង្ស័យរូបនោះព្រមទាំងវត្ថុតាងត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/MKxaP3QVB3A

មតិយោបល់