ព័ត៌មានជាតិ

ឡិចស៊ីស៥៧០ ស្លាកលេខភ្នំពេញ2O-8999 បុកម៉ូតូពេញទំហឹង របួសធ្ងន់២នាក់ បញ្ចប់រឿងត្រឹមសំណង១៥០០ពាន់ដុល្លារ!!

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៊ីស៥៧០ បើកបរដោយជនជាតិចិនម្នាក់ បានបុកម៉ូតូ បណ្តាលឲ្យមនុស្សស្រីប្រុស២នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅទល់មុខណាហ្គា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស៥៧០ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2O-8999 បើកបរដោយជនជាតិចិនម្នាក់ ក្នុងល្បឿនលឿនបានបត់ចូលណាហ្គាវើល ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល1V-0126 ជិះក្នុងល្បឿនលឿនដូចគ្នា មានគ្នា២នាក់ បានវ៉ាខាងស្តាំមិនផុត ក៏ត្រូវរថយន្តឡិចស៊ីស៥៧០ខាងលើ បុកពេញទំហឹងបណ្តាលឲ្យរងរបួសស្រីម្នាក់និងប្រុសម្នាក់។ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែតផងដែរ។

ក្រោយពេលកើតហេតុ ភាគីរងគ្រោះបានទារសំណងចំនួន១៥០០ដុល្លារ ដោយមិនចង់មានរឿងវែងឆ្ងាយ ជនជាតិចិនខាងលើក៏យល់ព្រមសងជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

មតិយោបល់