ព័ត៌មានជាតិ

Update៖ ចៅក្រមសម្រេចឃុំខ្លួនក្មេងស្រី ស្រវឹងស្រាបើករថយន្តទៅបុកមនុស្ស៥នាក់របួសធ្ងន់ស្រាល

កណ្ដាលៈ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនក្មេងស្រីម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរករណីមិនសូវចេះបើកបរហើយថែមទាំងស្រវឹងស្រាទៀត បើករថយន្ត Lexus RX300 ទៅបុកមនុស្ស៥នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេកំពុងអង្គុយផឹកស៊ី នៅលើគ្រែមុខផ្ទះ ក្បែរចិញ្ចើមផ្លូវ នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបញ្ជាក់ថា ក្មេងស្រីរូបនេះ ត្រូវបានចោទប្រកាន់ពីបទ “បើកបរធ្វេសប្រហែសបណ្តាលឲ្យរបួសអ្នកដទៃ” តាមមាត្រា៨៣នៃច្បាប់ស្ដីពីចររាចរណ៍ផ្លូវគោក។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចររាចរណ៍នេះបានកើតឡើងដោយសារយុវតីឈ្មោះ អូន ស្រីដា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើករថយន្ត Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-4626 ក្នុងគោលបំណងបើកចូលឆ្លងចូលទៅផ្លូវលំ ក្នុងភូមិភូមិធំ ឃុំគគីរ ស្រុកកៀនស្វាយ។

សមត្ថកិច្ចដដែល បានបន្ដទៀតថា ខណៈដែលដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកមនុស្ស កំពុងអង្គុយលើគ្រែមុខផ្ទះ ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យឈ្មោះ ប៊ន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់ និងចំនួន៤នាក់ទៀត រងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញភ្លាមៗ។

ជនរងគ្រោះទាំង៤នាក់ខាងលើនោះរួមមាន ទី១ឈ្មោះ ឱ វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ សំណង់ ទី២ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ទី៣ឈ្មោះប៉ាក ព្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ អ្នកទាំងបីស្នាក់នៅភូមិឃុំកើតហេតុ និងទី៤ឈ្មោះ ស៊ីណា ចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ រស់នៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំពោះករណីនេះ កម្លាំងជំនាញចររាចរណ៍ បានចុះពិនិត្យវាស់វែង និងធ្វើកំណត់ហេតុវាស់ជាតិអាល់កុល ឃើញថា អ្នកបើកបររថយន្ដ មិនចេះបើកបរ និងស្រវឹងស្រា ៕

មតិយោបល់