ភ្នំពេញ:ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងហាងបរទេសឈ្មោះ Euro bar តាមបណ្តោយផ្លូវ៥១ ផ្សាសូរីយ៉ាម៉ល ពីបទរត់ ពន្ធបង្ខាំងមនុស្សឆ្លងដែន ឃាត់បានជនបរទេសចំនួន ១៤នាក់ ស្រីមា្នក់ ០៤សញ្ជាតិ រួមមាន៖
-បង់ក្លាដេស ចំនួន ១០ នាក់
-បាគីស្ថាន ចំនួន ០២នាក់
-ហ្វីលីពីន ម្នាក់ (ស្រី)
-អ៊ីរ៉ង់ ម្នាក់ (ប្រុស)
សមត្ថកិច្ចបានថ្លែងថា ក្រោយបញ្ចប់ការឆែកឆេរ ក្រុមប្រតិបត្តិការចម្រុះបានសំរេច នាំជនពាក់ព័ន្ធទាំង១៤នាក់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរតាមនីតិវិធី និងចាក់សោរហាងឈ្មោះ Euro bar ជាបណ្តោះអាសន្ន។
ក្រោយពីបានសាកសួរជំហានដំបូងសមត្ថកិ្ចបន្តថា ជនជាមេខ្លោងមានចំនួន ០២នាក់រួមមាន ឈ្មោះ MOHAMMED HEMAYET UDDIN ហៅ SHOPON ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៤ ជនជាតិបង់ក្លាដេស ជាមេខ្យល់នាំមនុស្សមកកម្ពុជា តៀមបញ្ជូនទៅប្រទេសទី៣។ ម្នាក់ទៀតឈ្មោះ ALOM MANIRUL ហៅ MONIL ភេទប្រុស កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨០ ជនជាតិបង់ក្លាដេស ជាអ្នកចាំទទួល គ្រប់គ្រង និងរក្សាទុកមនុស្ស ។
ចំណែកជនបរទេសចំនួន ១២ នាក់ជនទៀត ជាជនរងគ្រោះ រួមមានជនជាតិបង់ក្លាដេស ០៨នាក់ ជនជាតិបាគីស្ថាន ចំនួន ០២នាក់ និងជនជាតិអ៊ីរ៉ង់ និងហ្វីលីពីន ត្រូវជាប្ដីប្រពន្ធទេសចរណ៏៕
មតិយោបល់