ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្តោយផ្លូវ៣៦៦ (ក្បែរវិទ្យាល័យ ទួលស្វាយព្រៃ) សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានរិះគន់អាជ្ញាធរមូលដ្ឋានថា ហាក់មិនបានអើពើចំពោះ ក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ និងអ៊ីឈីតាន់ ដែលកំពុងតែយកទ្រូងផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកន្លែងចតរថយន្ត ដោះដូរទំនិញយ៉ាងអាណាធិបតេយ្យជារៀងរាល់ថ្ងៃ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់ការធ្វើដំណើរ និងការចេញចូលផ្ទះរបស់ពួកគាត់ជាខ្លាំង។
ពលរដ្ឋអះអាងថា ក្រុមហ៊ុនមានអាសយដ្ឋាន ឃ្លាំងលេខ ៨៨ ផ្លូវ៣៦៦ (ក្បែរវិទ្យាល័យ ទួលស្វាយព្រៃ) សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានធ្វើសកម្មភាពបែបនេះតាំងពីយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានណាចុះមក ណែនាំ ឬចាប់រថយន្តទាំងនោះទេ មានតែនគរបាល និងមន្ត្រីសណ្ឋាប់ធ្នាប់ជិះមូតូ មកលូកដៃតាមកញ្ចក់រថយន្ត ហើយជិះម៉ូតូចេញទៅបាត់ ដោយឲ្យរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ថតពាសវាលពាសកាលដដែល។
ពាក់ព័ន្ធករណីនេះ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានបញ្ជាក់តាមទូរសព្ទថា លោកកំពុងតែដឹកនាំក្រុមការងាររៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវម៉ៅសេទុងសិន ចំណែកកន្លែងដែលមានការរិះគន់ពីពលរដ្ឋនោះលោក នឹងទៅពិនិត្យមើលនាពេលក្រោយ។
យើងមិនអាចសុំការទំនងទំនង ក្រុមហ៊ុនខាងលើបានទេ ដោយបុរសម្នាក់ដែលជាបុគ្គលិកក្រុមហ៊ុន ធ្វើការនៅឃ្លាំងខាងលើ បានប្រាប់ថា គាត់មិនអាចឲ្យលេខក្រុមហ៊ុនទៅក្រុមអ្នកសារព័ត៌មានបានទេ ប៉ុន្តែរឿង រថយន្តរបស់ឃ្លាំងលោក ចតនៅលើផ្លូវសាធារណៈ លើកដាក់ទំនិញនេះជារឿងធម្មតាទេ ព្រោះ ក្រុមហ៊ុនជួលឃ្លាំងនៅទីហ្នឹង មានតែចតអ៊ីចឹងហើយ។
សូមបញ្ជាក់ថា ក្រោយឡើងកាន់ដំណែងជាអភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ លោក ឃួង ស្រេង បានដាក់ចេញវិធានការថ្មី ដែលជាសម្តីចាស់របស់ លោក ប៉ា សុជាតិវង្ស អតីតភិបាលរាជធានីភ្នំពេញ គឺ យុទ្ធនាការរំដោះចិញ្ចើមផ្លូវ ប៉ុន្តែតើយុទ្ធនាការ នេះអាចសម្រេចជោគជ័យដែរឬទេ? ពលរដ្ឋកំពុងតែរង់ចាំមើល សារជាថ្មីម្តងទៀត៕
https://youtu.be/kI2YrzgYVZE
មតិយោបល់