ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ជ្រុង១នៃសង្គម) អនិច្ចាទ្រូងផ្លូវ និងស្លាកសញ្ញាចរាចរណ៍ស្រុកខ្មែរ

ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងតែមានការរីកចម្រើនទៅមុខលើគ្រប់វិស័យពិសេសនៅរាជធានីភ្នំពេញតែម្តង គេសង្កេតឃើញមានហេដ្ឋារចនាសម្ព័ន្ធសំណង់រីកព្រោងព្រាត សម្បូរអគារខ្ពស់ៗ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រមូលផ្តុំទៅដោយប្រជាពលរដ្ឋច្រើនកុះករ និងមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងធ្វើឲ្យកំណើនប្រជាពលរដ្ឋកាន់តែច្រើនព្រមទាំងមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃផងដែរ។

ទន្ទឹមនឹងរាជធានីភ្នំពេញមានការរីកចម្រើននេះ អាជ្ញាធរហាក់ដូចជាខ្វះការយកចិត្តទុកដាក់មើលនូវស្លាកសញ្ញាចរាចរណ៍ ដាក់តាមដងផ្លូវនានា រួមទាំងរបាំងថ្ម របាំងដែកដាក់ចែកទ្រូងផ្លូវផងដែរ ពិសេសទ្រូងផ្លូវ ដែលធ្វើពីថ្មតែម្តង ដែលរងនូវការបាក់បែកស្ទើរតែគ្រប់កន្លែង។ រីឯស្លាកសញ្ញា ដែលដាក់បង្ហាញប្រាប់ពីសញ្ញាចរាចរណ៍ផ្សេងៗ ពីលេខផ្លូវ ឈ្មោះផ្លូវនានា ដែលដាក់នៅតាមដងផ្លូវបែកជាបួននោះ មានមួយចំនួនធំ បានរងនូវការបាក់រលំ កំពិត វៀច រលប់សញ្ញា របកថ្នាំ និងខ្លះត្រូវបាំងដោយដើមឈើ ជាដើម ដែលធ្វើឲ្យអ្នកដំណើរ និងភ្ញៀវទេសចរមួយចំនួនធំ វង្វេងវង្វាន់ មិនដឹងជាទៅខាងណាខាងណី។

ក្រៅពីនេះប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនផងដែរ ត្រូវបាននគរបាលចាប់ផាកពិន័យជាបន្តបន្ទាប់ ដោយសារតែពួកគាត់មើលមិនឃើញនូវស្លាកសញ្ញាទាំងនោះ ដោយសារតែគេដាក់បាំងដើម មែកឈើ និងស្លាកសញ្ញារបកថ្នាំអស់នៅសល់តែផ្ទាំងដែក និងវៀចលិច វៀចកើត ជាដើម ហើយវាក៏ជាចំណុច ជាគោលដៅ ដែលក្រុមប៉ូលិសចរាចរខ្លះចាំចេញមកស្ទាក់ចាប់ផាកយកលុយផងដែរ។

ហើយអ្វីដែលប្រឈមទៅហ្នឹងគ្រោះថ្នាក់ជាងនេះទៅទៀត គឺរបាំងថ្ម ចែកទ្រូងផ្លូវមួយចំនួនបានរងនូវការបាក់បែកចេញពីគ្នា គ្មានចំណាំងផ្លាតសម្រាប់ពេលយប់ ហើយក្បាលនាគខ្លះត្រូវខ្ទាត ដាច់មកទទឹងផ្លូវនិងស្លាកសញ្ញាដែលដាក់ជាប់នឹងក្បាលនាគខ្លះសល់តែបង្គោលដែក ខ្លះវៀច រកមើលមិនយល់។ តួរយ៉ាងគ្រាន់តែរបាំងថ្មចែកទ្រូវផ្លូវ នៅផ្លូវម៉ៅសេទុង ចាប់ពីស្តុបសណ្ឋាគារអ៊ីនធឺររហូតដល់មុខផ្សារឃ្លាំងរំសែវនោះ បានរងនូវការបាក់បែកដាច់ចេញពីគ្នា បង្កគ្រោះថ្នាក់ជាញឹកញាប់ផងដែរ ហើយវាមានជាយូរហើយតែអាជ្ញាធរខណ្ឌ ក្រុង មើលរំលងតែរហូត។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងថា រាជធានីភ្នំពេញមានការរីកចម្រើនលឿនមែន ផ្លូវថ្នល់ ត្រូវបានពង្រីកច្រើនកន្លែង ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ប៉ុន្តែអ្វីដែលពួកគាត់ចាប់អារម្មណ៍នោះ គឺអាជ្ញាធរមិនបានយកចិត្តទុកដាក់ទៅលើស្លាកសញ្ញាចរាចរណ៍ ដែលដាក់នៅកាច់ជ្រុងផ្លូវបំបែកឲ្យបានល្អត្រឹមត្រូវ និងងាយស្រួលមើលឃើញនោះទេ។ ម៉្យាងវិញទៀត ថ្មចែកទ្រូងផ្លូវ កន្លែងខ្លះបាក់បែករាប់ខែ តែអាជ្ញាធរមិនដែលយកចិត្តទុកដាក់រៀបចំ ឲ្យបានល្អស្អាតនោះទេ ដោយទុកចោលបង្អួតគណប្រតិភូ បង្អូតភ្ញៀវទេសចរ។

ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស និងប្រធានមន្ទីរសាធារណៈការរាជធានីលោក សាំ ពិសិដ្ឋ ជួយកែលម្អ លើកត្តាខាងលើនេះផង ព្រោះវាជាមុខមាត់រាជធានីភ្នំពេញ ដែលទទួលបានចំណាត់ថ្នាក់លេខ១ នាឆ្នាំកន្លងទៅជាទីក្រុងស្អាតជាងគេក្នុងចំណោមទីក្រុងនានាលើពិភពលោក និងឲ្យសមស្របទៅតាមពាក្យថា ព្រះរាជាណាចក្រអច្ឆរិយផ្តល់ភាពកក់ក្តៅ៕

https://youtu.be/gtUlb6F_V3Y

https://youtu.be/IuN5Z3pEoas

មតិយោបល់