ភ្នំពេញៈ បុរសម្នាក់បើករថយន្ត NISSAN FRONTIER មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយបានគេចពីម៉ូតូកង់បីមួយគ្រឿង មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករះម៉ូតូកង់បី និងរថយន្តដែលឈប់ចតចោលចំនួន ៥គ្រឿង កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខមន្ទីរពហុព្យាបាល និងសម្ភពវិបុលសុខតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក NISSAN FRONTIER ពណ៌ប្រផេះជារថយន្តមួយបាំងកន្លះ ពាក់ផ្លាកលេខតាកែវ2A-2361 ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅមកពីស្តុបនាងគង្ហីងឆ្ពោះទៅស្តុបអាងទឹកអូឡាំពិក ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើ បានរេចង្កូតទៅខាងស្តាំទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាក បាចា ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ចាម1T-1984 ដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវបង្កឲ្យរុញម៉ូតូកង់បីឡើងខឿនទៅបុករថយន្តមួយគ្រឿងទៀតម៉ាក lexus ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2I-8488 ដែលកំពុងឈប់ចតស្ងៀមនៅលើខឿនតាមចិញ្ចើមផ្លូវ បណ្តាលឲ្យក្រពឹតផ្នែកខាងក្រោយចំហៀងខាងស្តាំ ចំណែកឯម៉ូតូកង់បីឥណ្ឌាបានរងការខូចខាតក្រពឹតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។ តែរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពហុព្យាបាល និងសម្ភពវិបុលសុខ ពាក់ផ្លាកលេខ ភ្នំពេញ2H-7964 ដែលកំពុងឈប់ចតស្ងៀមបង្កឲ្យរុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាក កាមារីបាលែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2X-8212 រួចក៏រុញបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហាយឡាក់រីវ៉ូរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-4859 បណ្ដាលឲ្យក្រពឹតផ្នែកខាងក្រោយចំហៀងខាងស្តាំ។ និងបណ្តាលឲ្យរថយន្តកាម័រីបាលែននិងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពហុព្យាបាលនិងសម្ភពវិបុលសុខរងការខូចខាតក្រពឹតទាំងសងខាងផ្នែកខាងក្រោយយ៉ាងដំណំ។ដោយឡែករថយន្តបង្កបានរងការខូចខាតក្រពឹតនិងដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំទៅមុខលែងរួច។ក្រោយមកក៏សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករាបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
បើតាមសម្តីពីបុរសជាអ្នកបើកបររថយន្តបង្កបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តខាងលើ ចេញមកពីផ្ទះនៅឯព្រែកព្នៅបំណងបើកទៅផ្ទះបងប្អូន នៅឯទួលទំពូងដោយបានផឹកស្រាអស់បន្តិចបន្តួចផងដែរ លុះពេលដែលបើកមកដល់ចំណុចកើតក៏បានអក់ហ្សើនិងម៉ូតូកង់បីមួយគ្រឿងដែលកំពុងបើកនៅខាងមុខ។ភ្លាមៗគាត់ក៏បានកាច់ចង្កូតរថយន្តទៅខាងស្តាំដោយខ្វះការប្រុងប្រយ័ត្នក៏បណ្តាលឲ្យកើតជាគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះតែម្ដង។
ក្រោយពេលកើតហេតុដោយមិនអាចធ្វើការចរចាដោះស្រាយគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋានបានទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យមកធ្វើការវាស់វែងស្ទូចរថយន្ត និងម៉ូតូកង់បីទាំង ៦គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀត៕
មតិយោបល់