ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ជួញដូរនិងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងផ្ទះសំណាក់នីតាឡាក់គី

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកក្កដា ២០១៧ ត្រង់ចំណុច ផ្ទះសំណាក់នីតាឡាក់គី ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ញ៉ែម សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល និងទី២ឈ្មោះ សៀ សុខខេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ ញៀន ម៉ាទឹកកកICE ១កញ្ចប់តូច, ការបូបស្ពាយពណ៌ខ្មៅ១,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន,ទូរសព្ទម៉ាកណូគា ស៊េរី ១០៥ ពណ៌ខៀវ១គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណី ជួញដូរនិងប្រើប្រាស់ថ្នាំញៀនយ៉ាង
សកម្មនៅក្នុងផ្ទះសំណាក់នីតាឡាក់គី ស្ថិតនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។ ក្រោយពី ទទួលបានព័ត៌មាននេះ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍ស្វាយជ្រំ សហការជាមួយម្ចាស់ផ្ទះសំណាក់នីតាឡាក់គី ធ្វើការឆែកឆេរនៅបន្ទាប់លេខ៨ រកឃើញជនសង្ស័យ២នាក់តែម្តង។

ករណីនេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាម
នីតិវិធីច្បាប់៕

មតិយោបល់