ភ្នំពេញៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩ និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ ត្រង់ចំណុចមុខវត្តស្លែង លើផ្លូវជាតិលេខ ៣ ស្ថិតភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះចំនួន ៣នាក់រួមមាន
១/ឈ្មោះ ទូ វៃ ភេទប្រុស អាយុ៦០ ឆ្នាំមុខរបរ កសិករ។
២/ឈ្មោះ មាន ថន ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរ នៅផ្ទះ។
៣/ឈ្មោះ តឿង ផល ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ កម្មការនីរោងចក្រ។
អ្នកទាំង៣ រស់នៅភូមិឆ្កែត្រែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-9912 ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានវ៉ាចូលចំណែកផ្លូវរថយន្ត ក៏ត្រូវរថយន្ត១គ្រឿងម៉ាក FRONTIER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2U-6134 បើកបរដោយឈ្មោះ សំ ឡើង ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទុង ខេត្តកំពត បើកបញ្ច្រាសទិសគ្នា ជាន់ហ្រ្វាំងមិនជាប់ បានបុកចំពីមុខមួយទំហឹង ធ្វើឲ្យម៉ូតូដួលបោកទៅនឹងផ្លូវ បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់ចំនួន ៣នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែង ឃាត់ខ្លួនជនបង្ក និងយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់ ខណៈបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់