សៀមរាប៖ ជនរងគ្រោះចំនួន២នាក់ បានស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ ខណៈបើកគោយន្តកន្ត្រៃដឹកឈើក្រឡាប់ធ្លាក់ចូលប្រឡាយ ដោយខ្លួនឯង ឈើសង្កត់ពីលើ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។
ករណីបង្កដោយខ្លួនឯងនេះ កើតឡើងនៅវេលាម៉ោង៥ទាបភ្លឺថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៦ក្នុងភូមិស្រិតឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នគរបាលចរាចរស្រុកប្រាសាទបាគង បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ បើកគោយន្តកន្ត្រៃដឹកឈើពេញប្រៀបហើយមកដល់ចំណុចកើតហេតុស្រាប់តែធ្លាក់ប្រឡាយក្រឡាប់ ហើយឈើសង្កត់ពីបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។
ប្រភព បានបន្ដទៀតថា ជនរងគ្រោះទាំង២នាក់ ទី១. ឈ្មោះ ស៊ូ សុនអាយុ១៩ឆ្នាំ ទី២. ឈ្មោះ រ៉ូ រើន អាយុ៣៧ឆ្នាំ អ្នកទាំង២នាក់ មាន ទីលំនៅក្នុងភូមិ ជប់លើ ឃុំ ស្វាយលើ ស្រុក ស្វាយលើ ខេត្តសៀមរាប។ លោកបញ្ជាក់ថា៖ តាមការសន្និដ្ឋានករណីនេះអាចបណ្ដាលមកពីអ្នកបើកបរមានអក្ការះងងុយដេក ទើបមាន ហេតុការណ៍ នេះកើតឡើង។ក្រោយពីធ្វើការ វាស់វែង រួចសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកគោយន្តត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងចំណែកឈើប្រគល់ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ប្រភពបាន ទម្លាយថា ករណីនេះ គេឃើញមានរថយន្តមួយគ្រឿងបើកតាមពីក្រោយ សង្ស័យក្រុមកុងត្រូលជជុះ ហើយ បន្ទាប់ពីឃើញហេតុការណ៍កើតឡើងរួចមកពួកគេបានបើកឡានរត់គេចខ្លួនបាត់អស់។ ប្រភពដដែល បន្តថា សព្វថ្ងៃនេះ មានកុងត្រូលជាច្រើនកន្លែងបានបណ្តាក់គ្នាដូចខ្យងចាប់ពីស្រុកស្វាយលើ,ស្រុកសូទ្រនិគម,ស្រុកប្រាសាទបាគង និងក្រុងសៀមរាប ដោយមិនមានការរំខានពីអាជ្ញាធរខេត្តទេសចរណ៍មួយនេះសោះឡើយ៕
មតិយោបល់