វ៉ាស៊ីនតោន៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក U Htin Kyaw ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា និង លោកស្រី អោងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេស និង ជាទីប្រឹក្សាពិសេស ដើម្បីអបអរសាទរការឡើង កាន់តំណែងនៃរដ្ឋាភិបាលថ្មីយ៉ាងពេញលេញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។
លោក អូបាម៉ា នៅក្នុងឱកាសនោះ បានសម្តែងក្តីសប្បាយរីករាយខ្លាំង ចំពោះជោគជ័យថ្មីនេះ ដែលវានឹងអាចដឹកនាំមីយ៉ាន់ម៉ាទៅរកការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល យ៉ាងពេញលេញមួយនៅថ្ងៃអនាគត។ ទោះបីជាយ៉ាងនេះក្តី លោក អូបាម៉ា ក៏នៅតែមានការខកចិត្តដែរ ចំពោះយោធា ដែលបានរឹតត្បិតតួនាទីរបស់លោកស្រី ស៊ូជី នៅក្នុងជួររដ្ឋាភិបាល។
ទោះបីជាយ៉ាងនេះក្តី មេដឹកនាំចលនាប្រជាធិបតេយ្យធំបំផុត នៅភូមានេះ មិនបានបង្ហាញការ ចុះចាញ់នោះឡើយ ដោយលោកស្រីធ្លាប់បានអះអាងថា នឹងដើរតួនាទីឲ្យធំជាងប្រធានាធិបតីទៅទៀត ដើម្បីបម្រើផលប្រយោជន៍ជាតិមីយ៉ាន់ម៉ា យ៉ាងពិតប្រាកដ៕
មតិយោបល់