ស្ទឹងត្រែង: យុវជនម្នាក់ត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវ ខណៈពេលបញ្ជូនពីមន្ទីពេទ្យបង្អែកទៅព្យាបាល នៅមន្ទីពេទ្យក្រុងភ្នំពេញ ក្រោយពីជនដៃដល់មានគ្នាបួននាក់ព្រួតវាយ និងកាប់សម្លាប់ដោយប្រើ
កាំបិតតាំងតោ និងចបកាប់ ព្រមទាំងដំបង។
បើតាមប៉ូលិស បានបញ្ជាក់ឲ្យដឹងថា ដើមហេតុនោះ គឺដោយសារមានជម្លោះទាស់ពាក្យសម្ដីនឹងគ្នា ទើបបង្កឲ្យមានវ៉ៃតប់ និងកាប់សម្លាប់គ្នាបែបនេះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចវត្តអូឬស្សីកណ្តាល ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជាករណីហឹង្សាដោយចេតនា ព្រោះជនសង្ស័យមានបក្ខពួក បួននាក់ ប្រដាប់ទៅដោយកាំបិតតាំងតោពីរ ចបកាប់មួយ និងដំបងឈើមួយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯក សំណាង អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ក្រោយហេតុការណ៍កើតឡើង ដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះត្រូវបានអ្នកនៅក្បែរ នោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេកលោកគ្រូពេទ្យក៍សម្រេច
បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យក្រុងភ្នំពេញ ប៉ុន្តែជាអកុសលពេលមកដល់ខេត្តត្បូងឃ្មុំ ជនរងគ្រោះត្រូវបាន ដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្តងទៅ ក្រោយមកសពជនរងគ្រោះក៍ត្រូវបាន
នាំវិលត្រឡប់មកលំនៅដ្ឋានវិញ ។
ចំពោះករណីខាងលើនេះ ជនសង្ស័យមានបក្ខពួកចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាហើយ ហើយក៍កំពុងតែស្វែងរកចាប់ខ្លួនផងដែរ ប៉ុន្តែសមត្ថកិច្ចមិនទាន់ប្រាប់ឈ្មោះជនសង្ស័យនៅឡើយទេ ព្រោះខ្លាចបែកការពិបាកក្នុងការតាមចាប់ខ្លួន។
ចំណែកសពជនរងគ្រោះ ក្រោយពីបានធ្វើការត្រួតពិនិត្យកោសល្យវិច្ច័យរួចមក សមត្ថកិច្ចក៍បានប្រគល់ជូន ក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕
មតិយោបល់