ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន បើកហោះឡើងសួនច្បារក្តាន់២

ភ្នំពេញ: ប្រុសស្រី៤នាក់ ជិះរថយន្តកាមេរីបាឡែនមួយគ្រឿង បើកក្នុងល្បឿនលឿនពេក ដល់ផ្លូវបត់មិនបត់ក៏ជ្រុលចង្កូតបុកឡើងលើសួនច្បារក្តាន់២ បណ្តាលឲ្យរងការខូចខាតឃឿនសួនច្បារ បង់សម្រាប់អង្គុយលេងនិងដើមឈើផងដែរ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីទាបភ្លឺឈានចូលថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៦៩ កែងក្រសួងអភិវឌ្ឍជនបទ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រុសស្រី៣នាក់ទៀត បើករថយនតម៉ាកកាមរីបាឡែន ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-1767 បើកតាមបណ្តោយផ្លូវ ១៦៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយសារតែបើកបរក្នុងល្បឿនលឿនពេក សង្ស័យថាតៃកុងរថយន្តស្រវឹងផងនោះ បានបើករថយន្តបុកខឿនសួនច្បារក្តាន់២ខូចខាតអស់២ទៅ៣កង់ ហើយបន្តទៅបុកបង់អង្គុយនៅលើសួននិងដើមចំប៉ាមួយដើមផងដែរ។ រីឯរថយន្តវិញផ្ទុះពោងសុវត្ថិភាពនិងបែកកញ្ចក់រងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុទាក់ទងឲ្យរថយន្តស្ទូចមកស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបសលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវធីច្បាប់៕

មតិយោបល់