ភ្នំពេញៈ ទីលានប្រឡងយកប័ណ្ណបើកបរផ្នែកដៃចង្កូត របស់អង្គភាពផ្តល់ប័ណ្ណបើកបររថយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្ថិតនៅខាងក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងខណ្ឌឫស្សីកែវ ត្រូវបានផ្អាក និងពន្យារពេលធ្វើការប្រឡងរហូតដល់ថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ បន្ទាប់ពីមានជំនន់ទឹកភ្លៀងខ្លាំងបណ្តាលឲ្យទឹកលិច ។
មន្ត្រីអង្គភាពផ្តល់ប័ណ្ណបើកបររថយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី១៥ ធ្នូមក បានបង្កឲ្យមានការជន់លិចទីលានប្រឡងយកប័ណ្ណបើកបរផ្នែកដៃចង្កូត ដោយសារប្រព័ន្ធលូនៅតំបន់នោះតូចៗ និងរកប្រភពទឹកហូរចេញមិនទាន់បាន។ មន្ត្រីដដែលបានបន្តថា ដោយសារមានទឹកលិចបែបនេះ ធ្វើឲ្យការប្រឡងផ្នែកដៃចង្កូតត្រូវបានផ្អាក និងពន្យារពេលទៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ការប្រឡងទ្រឹស្តីនៅតែបន្តដំណើរការជាធម្មតាដដែរ។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា រាល់ពេលភ្លៀងកន្លងមកមានការជន់លិចដែរ តែឆាប់ស្រក់វិញ ដែលបង្កការរាំងស្ទះ ក្នុងការប្រឡងយកប័ណ្ណបើកបរផ្នែកដៃចង្កូតនេះ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពេលនេះ ទឹកនៅដក់ត្រាំត្រែងមិនស្រកតែម្តង។ ពាក់ពន្ធ័ទៅនឹងការលិចនេះ អង្គភាពផ្តល់ប័ណ្ណបើកបរបានស្នើសុំទៅក្រុមហ៊ុនដែលបានទទួលសិទ្ធិរៀបចំការប្រឡងនេះជាយូមកហើយ តែមិនមានលទ្ធផលទេ រហូតមកដល់ពេលនេះតែម្តង៕




មតិយោបល់