(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi បានឈានដល់ការព្រមព្រៀងគ្នាមួយក្នុងការបង្កើតខ្សែទូរស័ព្ទបន្ទាន់យោធា ជាមួយប្រទេសចិន នៅឆ្នាំ២០២២ នៅចំពោះភាពតានតឹងជាមួយចិន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនម្នាក់។
អ្នកនាំពាក្យរូបនេះដដែលបានឱ្យដឹងទៀតថាការឯកភាពគ្នាខាងលើ ធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិប្រទេសទាំងពីរ ទើបជួបពិភាក្សាគ្នាកាលពីពេលថ្មីៗនេះ។
លោក Nobuo Kishi បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe ដោយអ្នកទាំង២ បានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការខ្សែទូរស័ព្ទបន្ទាន់មួយ រវាងក្រុមមន្រ្តីយោធារបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២២។
នេះជាជំនួបជាលើកដំបូងរវាងថ្នាក់ដឹកនាំយោធាចិន និងជប៉ុន គិតចាប់តាំងខែធ្នូ ឆ្នាំ២០២០ ហើយលោក Kishi បានសង្កត់ធ្ងន់ថាខ្សែទូរស័ព្ទបន្ទាន់ នឹងជួយពង្រឹង ប្រសិទ្ធភាពនៃយន្តការទំនាក់ទំនងដែលប្រទេសទាំងពីរ បានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នាជាយថាហេតុ នៅតាមដែនសមុទ្រ និងដែនអាកាស៕
ប្រភព៖ Reuters



មតិយោបល់