ភ្នំពេញៈ បុរសម្នាក់បានធ្វើសកម្មភាពលួចយកកង់១គ្រឿងដែលមានតំលៃជាង១០០ដុល្លារ ជិះរត់គេចខ្លួនតែរត់មិនរួច ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយឡើងទ្រោមខ្លួន ទើបយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ស៊ូ ដារ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជាមួយពូ ម្តុំត្រឡោកបែក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើតភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត។ ចំណែកម្ចាស់កង់មានឈ្មោះ យាន ដារ៉ា ភេទប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីជនរងគ្រោះជាម្ចាស់កង់បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដាក់កង់១គ្រឿងខាងលើនោះនៅមុខផ្ទះ មួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យបានដើរចុះដើរឡើង តែពួកគាត់ស្មានថាមានគេមករកជួលបន្ទប់ស្នាក់នៅ ព្រោះឃើញជនសង្ស័យមានស្ពាយសាក់កាដូពីក្រោយផងនោះ។ ភ្លាមនោះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកកង់នោះជិះចេញទៅហើយម្ចាស់ឃើញទាន់ក៏ឆោរឡោឡើងថាចោរៗហើយបានអ្នកជិតខាងនាំគ្នាជួយដេញចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើងទើបយកមកប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍កាកាប ប៉ុន្តែដោយសារកន្លែងកើតហេតុក្នុងទឹកដីខណ្ឌសែនសុខ ទើបប៉ូលិសប៉ុស្តិ៍កាកាបទាក់ទងទៅប៉ូលិសប៉ុស្តិ៍ទឹកថ្លាឲ្យមកយកទៅធ្វើការសាកសួវិញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់ខាងលើពិប្រាកដមែន ព្រោះខ្លួនស្មានថាគេទុកចោល។ ហើយម្យ៉ាងទៀតដោយសារតែខ្លួនគ្មានការងារពិតប្រាកដផងទើបបែកគំនិតលួចបែបនេះ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់