ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកបរបុកគ្នា បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៦និង៥៥នាទីព្រឹក នៅ ចំណុចលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ(២-៣) ភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដា C125 (2015) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FD-9804 បើកបរដោយឈ្មោះ លាង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចខាងលើ បានបើកបុកជាមួយម៉ូតូ០១ គ្រឿងម៉ាកហុងដា C125 (2014) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CF-9982 បើកបរដោយ បុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋាន (ត្រូវបានមិត្តភ័ក្តិបញ្ជូនទៅមន្ទីរពេទ្យមុនពេលសមត្ថកិច្ចទៅដល់) បើកបរឆ្លងផ្លូវពីលិចទៅកើត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ និងបានវាស់វែងយក វត្ថុតាងម៉ូតូខាងលើ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់