ព័ត៌មានជាតិ

Update៖ កម្មករសំណង់៣នាក់ ដួលសន្លប់នៅក្នុងការដ្ឋានមួយកន្លែងសង្ស័យថាពុលថ្នាំបៀក!

ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលដែលកម្មករសំណង់អាងទឹកនៅក្នុងអគារខុនដូរ ប៊ូ តាជូ ចំនួន៣នាក់កំពុងធ្វើការសុខៗស្រាប់តែដួលសន្លប់ដែលគេមានការសង្ស័យថាពួកគេពុលថ្នាំបៀកមុខតំណរនិងរ៉ងមិនឲ្យជ្រាបទឹក ហើយនៅក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មានម្នាក់បានរងរបួសបែកក្បាល៣ថ្នេរថែមទៀតផង។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់អាងទឹកក្នុងអគារខុនដូរ កំពុងសាងសង់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់នោះ ទី១ឈ្មោះ ឈួន ឡា អាយុ១៨ឆ្នាំ ទី២ឈ្មោះ ឃីម ចន្ធី អាយុ២០ឆ្នាំ និងទី៣ឈ្មោះ ឆេ រ៉ាត់ អាយុ២១ឆ្នាំ អ្នកទាំង៣នាក់នោះមានមុខរបរជាជាងបៀក និងលាបថ្នាំ ហើយពួកគេស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសង្ស័យថាពួកគេពុលថ្នាំបៀកមុខតំណរនិងរ៉ងមិនឲ្យជ្រាបទឹក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្មកររងគ្រោះទាំង៣នាក់នេះ បាននាំគ្នាចុះទៅធ្វើការបៀកថ្នាំតាមរ៉ងនិងមុខតំណរជញ្ជាំងក្នុងអាងស្តុកទឹកជម្រៅប្រហែល៥ម៉ែត្រ ព្រមទាំងមុខតំណទុយោនៅក្នុងអគារខុនដូរដែលកំពុងសាង សង់មួយនោះ ដោយបានដាក់ជណ្ដើរចុះទៅ ហើយក៏បានដាក់កង្ហារនៅក្នុងនោះ២ទៅ៣គ្រឿងបក់ ដើម្បីកុំឲ្យថប់ខ្យល់ថែមទៀតផង។ ប៉ុន្តែខណៈនោះក្លិនថ្នាំបានធំយ៉ាងខ្លាំង ហើយដោយអាងស្តុបទឹកនោះមាត់តូច និងហប់ខ្លាំងមិនអាចឲ្យកង្ហារបក់ឈ្នះ ក៏បណ្ដាលឲ្យកម្មករទាំង៣នាក់នោះ ទ្រាំក្លិនកាវមិនបានដួលសន្លប់ជាបន្តបន្ទាប់តែម្ដង។

ហើយជនរងគ្រោះទាំង៣នាក់ត្រូវបានមិត្តរួមការងារជួយនាំទៅសង្គ្រោះបន្ទាន់បានភ្លាមៗទើបមិនបណ្តាលឲ្យនរណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ៕

https://youtu.be/wqWSTvyP2Ac

មតិយោបល់