សៀមរាបៈ លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់Post News មុននេះបន្តិចថា ក្រោយពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចជំនាញបានកំណត់អត្តសញ្ញាណយុវជន ដែលជាម្ចាស់ គណនីឈ្មោះបងកែវ អង្គរជុំនោះ ជាជនខ្មាន់កាំភ្លើងដៃឆៅ និងជាអ្នកដែលប្រកាសលក់គ្រឿងញៀនក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះបានហើយ ដែលរូបគេមានឈ្មោះពិត គឺ ឈ្មោះ ហ៊ីញ គឹមហុង (ហៅកែវ)។
លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់Post Newsទៀតថា ឈ្មោះ កែវ នេះជាកូនកំព្រា និងរស់នៅជាមួយបងប្អូន និងមានប្រពន្ធ ឈ្មោះ ហេម កូឡាប ស្នាក់នៅភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ តែពួកគេបាន លែងលះគ្នារយៈពេល១ឆ្នាំមកហើយ គឺនៅឆ្នាំ២០១៦។ បន្ទាប់មកឈ្មោះ កែវ រូបនេះធ្វើចំណាកស្រុកទៅធ្វើជាពលករនៅប្រទេសថៃ រួចបានត្រឡប់មកស្រុកកំណើតម្តងម្កាល កាលពីខែមេសា ឆ្នាំ២០១៦។
លោកស្នងការបានបន្តទៀតថា តាមកំណត់ហេតុរបស់អធិការស្រុកអង្គរជុំ ឈ្មោះ ហេម កូឡាប ដែលជាភរិយាយុវជន កែវ បានមកធ្វើការនៅក្រុងសៀមរាប នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៦ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទចាត់ចែងឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជាប់ពន្ធនាគារខេត្តសៀមរាបមកដល់បច្ចុប្បន្ន ។ ចំណែកឯឈ្មោះ កែវ មិនបាននៅក្នុងប្រទេសខ្មែរនោះទេ ដោយឡែកសម្រាប់ការប្រកាសលក់គ្រឿងញៀនគឺយុវជននេះបានធ្វើនៅក្រៅស្រុកឯណោះទេ
ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ទៀតថា បច្ចុប្បន្នឈ្មោះ កែវ មិនបានរស់នៅក្នុងស្រុកទេ ហើយការសរសេរប្រកាសលក់គ្រឿងញៀននេះ គឺយុវជននេះធ្វើឡើងពីក្រៅស្រុកតែប៉ុណ្ណោះ ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងតែបើកប្រតិបត្តិការដើម្បីប្រញាប់ខ្លួនជនខាងលើយកមកចាត់ការតាមច្បាប់ផងដែរ៕



មតិយោបល់