ព័ត៌មានជាតិ

ផ្តន្ទាទោស ស្ត្រីម្នាក់ដាក់គុក១១ឆ្នាំ រឿងច្រកទារិកាអាយុ៥ខែក្នុងថង់ទៅចោលនៅគំនរសំរាម

ភ្នំពេញៈ ដូចជាការគ្រោងទុកនៅរៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យិន សុធារ៉ា ហៅ មុំអាយុ ៣៤ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ៥D ផ្លូវលំភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដាក់ពន្ធនាគារកំណត់រយៈពេល ១១ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្មតាម ប្រព្រឹត្តកាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះលេខ១៧F ផ្លូវបេតុង ក្រុម៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ជនជាចោទឈ្មោះ យិន សុធារ៉ា ហៅ មុំ បានឆ្លើយថា ខ្លួន និងឈ្មោះ មាស សុវណ្ណា ជាម្តាយទារិការងគ្រោះ ជាង១០ឆ្នាំហើយ តាមរយៈការលេងបៀជាមួយគ្នានៅផ្ទះទារិការងគ្រោះ។

ជនជាប់ចោទបានបញ្ជាក់ថា ខ្លួនពិតជាមានគម្រោងលួចយកទារិកានោះមែន នៅយប់ថ្ងៃកើតហេតុខ្លួនបានទៅលេងបៀរជាមួយ ឪពុកម្តាយទារិការងគ្រោះ លុះមានឱកាសល្អ ដែល ម្តាយឪពុកទារិកាកំពុងលេងបៀ ខ្លួនបានលបទៅលួចយកទារិកាពីក្នុងបន្ទប់ ដោយយកស្កុតបិទមាត់ និងច្រកថង់ ចងខ្សែសម្រូតតាមខ្សែ តាមបង្អួច ចុះមកដី យកទៅផ្ទះរបស់ខ្លួន នៅវេលាម៉ោងប្រមាណជាជិត៩យប់។

ជនជាប់ចោទ បានបន្តថា ខ្លួនលួចទារិកានោះព្រោះតែមានចិត្តស្រលាញ់ពេក ប៉ុន្តែដោយសារតែខ្លួន និងឪពុកម្តាយទារិកា ជាមនុស្សរាប់អានគ្នាយូរហើយ នៅម៉ោងជាង៤ភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានយកទារិកានោះបិទស្កុតមាត់ ច្រកថង់ ដាក់ក្រោមកែបម៉ូតូ ឃ្លីក ទៅប្លុងចោល នៅជិតផ្ទះទារិកានោះវិញ ដើម្បីឱ្យសាច់ញាតិឆាប់រកឃើញ៕

https://youtu.be/tRKvH7_-2Fo

មតិយោបល់