ភ្នំពេញៈ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌកាលពីព្រឹកថ្ងៃទី២៧ឧសភានេះ បានចុះបិទខារ៉ាអូខេមួយកន្លែងយីហោ អាន់ឆ័រស៊ីតធី១ ដែលស្ថិតតាមបណ្តាយផ្លូវ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលការបិទទីតាំងខារ៉ាអូខេនេះ គឺធ្វើឡើងក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋក្បែរខាងថា បានឮសម្លេងរំខានពួកគាត់មិនអាចដេកបាន។
លោក សាំង សុភៈវិចិត្រ នៅក្នុងពេលចុះបិទទីតាំងខាងលើ បានឲ្យដឹងថា ការចុះបិទខារ៉ាអូខេ យីហោ អាន់ឆ័រស៊ីតធី១នេះ គឺធ្វើឡើងក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋក្បែរខាង ដោយពួកគាត់បានប្តឹងថា បានបង្កសម្លេងរំខានពួកគាត់មិនអាចដេកបាន។ ក្រោយពីទទួលបានបណ្តឹងនេះ ទើបលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកណែនាំឲ្យចុះបិទអាជីវកម្មខេរ៉ាអូខេខាងលើជាបណ្ណោះអាសន្នតែម្តង។
មន្ត្រីសាលាខណ្ឌទួលគោកបានឲ្យដឹងថា ខារ៉ាអូខេយីហោ អាន់ឆ័រស៊ីតធី១ នេះមានតែចំនួន៤បន្ទប់ប៉ុណ្ណោះ ប៉ុន្តែទីតាំងនេះក្រៅពីមានខារ៉ាអូខេហើយ ក៏មានបើកហាងផឹកស៊ីជាច្រើនតុនៅជាមួយគ្នាផងដែរ។ តែចំពោះហាងផឹកស៊ី អាជ្ញាធរមិនបានបិទអាជីវកម្មនោះទេ ពោលគឺអនុញ្ញាតិឲ្យម្ចាស់ហាងបើកអាជីវកម្មធម្មតា បិទតែការ៉ាអូខេ៤បន្ទប់ប៉ុណ្ណោះ។
មន្ត្រីសាលាខណ្ឌទួលគោកក៏បានបញ្ជាក់ផងដែរថា ទីតាំងខារ៉ាអូខេយីហោអាន់ឆ័រស៊ីតធី១នេះ មិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះទេ៕
មតិយោបល់