បន្ទាយមានជ័យៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនឹង២នាក់ផ្សេងទៀត កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ខណៈដែលត្រូវរថយន្តបុកពីក្រោយពេញទំហឹងពេលធ្វើដំណើរតាមម៉ូតូ។ ហេតុការណ៍កើតឡើងនៅម៉ោង២ និង១៥នាទី រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់ចំណុច ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីម្នាក់ដែលស្លាប់ក្នុងហេតុការណ៍នោះត្រូវបានគេប្រាប់អោយដឹងថាឈ្មោះ យួន ប៉ុក អាយុ៥៥ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ ជាប្រពន្ធរបស់បុរសរងរបួសធ្ងន់
ឈ្មោះ សុខ ឈឿន អាយុ៥៣ឆ្នាំ ជាប្រជាការពារភូមិអូរឬស្សី ចំណែកម្នាក់ទៀតដែលរួមដំណើរក្នុងហេតុការណ៍រងរបួសធ្ងន់ដែរនោះគឺជាកូន។ អ្នកទាំង៣ រស់នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែហត ខេត្តបន្ទាយមានជ័យ។
លោក បោន បឿន អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងថាម៉ូតូនិងរថយន្តបើកបរស្របទិសគ្នាពីលិចមកកើត។មកដល់ចំណុចកើតហេតុម៉ូតូបានបត់ឆ្វេងឆ្លងផ្លូវជួនពេលរថយន្តឡិចស៊ីសRX300 បើកក្នុងល្បឿនលឿនក៏បានបុកពេញទំហឹងបណ្តាលអោយម៉ូតូខ្ទាតផ្លោងចូលទៅក្នុងស្រែចំណែកមនុស្សធ្លាក់រាយប៉ាយលើផ្លូវ។
ក្រោយពេលកើតហេតុ សពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យរីឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
មតិយោបល់