បាត់ដំបងៈ ដោយសារតែអំណាចនៃកំហឹងភ្លើងប្រច័ណ្ឌ វាបានធ្វើឱ្យស្ត្រីម្នាក់ដាច់ចិត្តយកសាំងចាក់ស្រោចដុតប្តីទាំងរស់ ព្រោះតែប្តីកំហូចលួចមានស្នេហារជាមួយស្រីក្មេង ប៉ុន្តែ មិនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសធ្ងន់ធ្ងរប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបរវេស ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះ ផន សុភី អាយុ៣៦ឆ្នាំ ចំណែកប្តីឈ្មោះ ថាន់ ស្រន់ អាយុ៥៥ឆ្នាំ បានរងរបួសរលាកខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ចបញ្ជាក់ថា ដើមហេតុដែលធ្វើឲ្យប្រពន្ធខឹងប្តីរហូតដាច់ចិត្តចាក់សាំងដុតប្តីទាំងរស់បែបនគឺបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ដោយចោទថា ប្តីមានស្រីក្មេង មិនដែលយកលុយឲ្យប្រពន្ធកូនទេមួយរយៈចុងក្រោយនេះ។ តែដោយគ្មានពាក្យបណ្ដឹងពីប្តីរងគ្រោះ សមត្ថកិច្ចគ្រាន់តែហៅស្ត្រីជាប្រពន្ធមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយក៏ឲ្យត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ៕
មតិយោបល់