ព័ត៌មានជាតិ

បបួលឪពុកងូតទឹក ចុងក្រោយលង់ស្លាប់ខ្លួនឯង!..

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតហើមស្អុយ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមាត់ច្រាំងក្នុងទន្លេបាសាក់ ក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកសាកសពនេះ ត្រូវបានគេប្រទះឃើញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦និង១០នាទីព្រឹក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពិត វឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ។

មុនពេលកើតហេតុ ជនរងគ្រោះបានបបួលឪពុកបង្កើត ទៅមុជទឹកនៅក្នុងទន្លេបាសាក់ លុះមុជទឹកហើយ ឪពុកក៏ឡើងមកផ្ទះមុន ដោយមិនឃើញកូននោះទេ។

សូមបញ្ជាក់ថាជនរងគ្រោះនេះ ជាមនុស្សចូលចិត្តផឹកស្រាស្រវឹងរាល់ថ្ងៃ ជួនកាលដើរមិនចូលផ្ទះ ក៏មានដែរទើបបងប្អូនមិនចាប់អារម្មណ៏រឿងលង់ទឹក។ លុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយបាត់មិនឃើញជនរងគ្រោះមកផ្ទះ ទើបបងប្អូនសង្ស័យថាជនរងគ្រោះលង់ទឹក ក៏បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះខែល តែម្តង។

ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលស្រុកប៉ុស្តិ៍រដ្ឋបាល និងសាច់ញាតិ បានស្វែងរកជនរងគ្រោះ ប៉ុន្តែរកមិនឃើញ លុះនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦និង១០នាទី ទើបប្រជាពលរដ្ឋ ប្រទះឃើញ សាកសពជនរងគ្រោះអណ្តែកទឹកឡើងនៅចំណុចកើតហេតុខាងលើ និងបានរាយការណ៍ជូនសមត្ថកិច្ច ហើយប្រាប់ទៅដល់សាច់ញាតិឲ្យទៅពិនិត្យមើលតែម្តង ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់